Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខដឹកនាំកម្ពុជា-ឡាវ ឯកភាពគ្នាពង្រឹងពង្រីកវិស័យទេសចរណ៍ និងត្រៀមទទួលភ្ញៀវទេសចរចិនដូចគ្នា

ភ្នំពេញ ៖ ក្នុងដំណើរវិលត្រឡប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសឡាវ, លោក សុខ ចិន្តាសោភា បានធ្វើសន្និសីទសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបង្ហាញឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឡាវ បានឯកភាពគ្នាភ្ជាប់ទំនាក់ទំនងរឹងមាំឡើងវិញលើវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ដូចជាការជំរុញទេសចរណ៍កម្ពុជា-ឡាវ ផ្លូវគោក និងអាកាស ជាពិសេស ត្រៀមទទួលភ្ញៀវទេសចរចិន។

ក្នុងពេលដែលពង្រឹងពង្រីកវិស័យទេសចរណ៍ជាមួយឡាវនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការហោះហើរត្រង់ឡើងវិញពីឡាវមកកម្ពុជា ក៏ដូចជា ពីទីក្រុងវៀងចន្ទ-ភ្នំពេញ, ព្រោះទាំងឡាវ និងកម្ពុជា ប្រាកដណាស់ថា នឹងទាកទាញភ្ញៀវទេសចរចិន បន្ទាប់ពីប្រទេសចិន បានប្រកាសបន្ធូរបន្ថយវិធានការចេញចូលប្រទេសរបស់ខ្លួន ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដោយសារឡាវមានរថភ្លើងល្បឿនលឿនពីប្រទេសចិន មកដល់ទីក្រុងវៀងចន្ទតែម្ដង។

លោក សុខ ចិន្តាសោភា បានពន្យល់ពីគោលបំណងរបស់ សម្ដេចតេជោ ហ៊ុនសែន ថា ការដែលសម្តេចតេជោ ស្នើឱ្យមានការបើកជើងហោះហើរឡើងវិញរវាងវៀងចន្ទ-ភ្នំពេញ ដោយសារសព្វថ្ងៃនេះ ប្រទេសឡាវមានខ្សែរថភ្លើងល្បឿនលឿនពីប្រទេសចិន ឆ្លងកាត់ហ្លួងប្រាបាង មកដល់ រដ្ឋធានីវៀងចន្ទ។ ខ្ញុំបានជិះរថភ្លើងនោះរួចហើយកាលពីខែវិច្ឆិកាឆ្នាំមុន ដូច្នេះទេសចរ ចិនអាចធ្វើដំណើរពីប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿននេះ មកដល់ក្រុងវៀងចន្ទ រួចហើយបន្តឡើងយន្តហោះមកកាន់កម្ពុជា។ នេះហើយជាគំនិតរបស់សម្តេចតេជោ ដូច្នេះការពិភាក្សាកម្ពុជា-ឡាវ គឺទៅលើរឿងជាក់ស្តែងតែម្តង ហើយឡាវ និងកម្ពុជា ត្រៀមទទួលភ្ញៀវចិនដូចគ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×