ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលនិងធ្វើរួចរាល់នៅឆ្នាំ ២០២៧។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្របពេលការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងប្រើប្រាស់ថវិកាសាងសង់ ១៦៣៨ លានដុល្លារ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រៀមនឹងបញ្ចេញថវិកា ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានមួយ ឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុច ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទៅត្រើយខាងកើត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដោយតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីប៉ែកខាងផ្លូវជាតិលេខ១ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឆ្លងកាត់តាមស្ពាននេះ និងមិនបង់ប្រាក់ឡើយ ដែលស្ពាននេះសាងសង់ដោយថវិការដ្ឋផ្ទាល់។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២ របស់កម្ពុជាពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង ព្រំប្រទល់កម្ពុជា-វៀតណាម ត្រូវបានកម្ពុជា ចរចាចប់អស់ហើយ នូវកិច្ចព្រមព្រៀងរវាងរដ្ឋ និងឯកជន ដោយគ្រោងនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ ខណៈគ្រោងធ្វើរួចរាល់នៅឆ្នាំ២០២៧។
ឯកឧត្តម លើកឡើងថា ចំពោះការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែងប្រមាណ ១៣៥គីម៉ែត្រ ឬក៏ហៅថាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា គឺចង់បញ្ជាក់ឲ្យឃើញច្បាស់ ដោយសារតែមានការជជែកគ្នាមួយចំនួនថា មិនទាន់ឃើញមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនៃការសាងសង់ផ្លូវមួយនេះ ដោយអ្នកខ្លះមានចម្ងល់ ថាតើអាចនឹងមានការលុបចោល ឬយ៉ាងណា? ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ហើយថា មិនមានការលុបចោលការស្ថាបនានោះទេ៕