ភ្នំពេញ ៖ ក្នុងជំនួបការងារទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ ខណ:ពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានោះ ប្រធានាធិបតីអាល្លឺម៉ង់រូបនេះ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើវិស័យផ្សេងៗនៅកម្ពុជា ព្រមទាំងសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាំងពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រី មកអភិវឌ្ឍន៍មានការរីកចម្រើនដូចសព្វថ្ងៃ។

ក្នុងជំនួបដែលធ្វើឡើង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព លោក ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ ជាប្រធានាធិបតីទី១ របស់អាល្លឺម៉ង់ ដែលធ្វើទស្សនកិច្ចលើកដំបូងនៅកម្ពុជា បានប្រាប់ សម្ដេចតេជោ ហ៊ុន សែន ដោយស្មោះត្រង់ថា លោកមើលឃើញថា ÷
- សម្ដេចតេជោ ហ៊ុន សែន ពិតជាបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន ដូចដែលបានឃើញជាក់ស្ដែងសព្វថ្ងៃនេះ និងនាំប្រទេសចេញពីភាពក្រីក្រ,
- យកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ទាំងការគ្រប់គ្រង និងការចាត់វិធានការទាន់ពេលវេលា, នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ការពារអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន,
- រៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយជោគជ័យ មានគុណតម្លៃជាសម្បត្តិមនុស្សជាតិ ព្រោះតែបានពង្រឹងពង្រីកការទំនាក់ទំនងទាំងប្រទេសជិតខាង តំបន់ និងពិភពលោក,
- សម្តែងការរីករាយ និងពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់-កម្ពុជា លើវិស័យវប្បធម៌ ថែរក្សាប្រាង្គប្រាសាទរយៈពេល ២៥ឆ្នាំកន្លងមកនេះ, ជាពិសេស រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ និងអស្ចារ្យរបស់កម្ពុជា,
- មជ្ឈមណ្ឌលដោះមីននៅខេត្តសៀមរាប និងនៅទីតាំងផ្សេងៗទៀត គឺការដោះមីននោះហើយ បានជួយដល់ជីវិតប្រជាជន បានទៅរស់នៅ និងបង្កបង្កើនផល ក៏ដូចជាប្រកបរបរចិញ្ចឹមជីវិតនៅលើដីគ្មានគ្រោះថ្នាក់ដែលបន្សល់ពីកាកសំណល់សង្គ្រាម,
- មហិច្ឆតារបស់អាល្លឺម៉ង់ គឺចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបំណងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា,
- លោកប្រធានាធិបតីអាល្លឺម៉ង់ ពេញចិត្តចំពោះ អាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មានកំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកប្រធានាធិបតីអាល្លឺម៉ង់ រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយកម្ពុជាលើការងារដោះមីន វិស័យវប្បធម៌ និងវិស័យដទៃទៀត។
សូមបញ្ជាក់ថា លោក ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN































