Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-វៀតណាម ធ្វើពាណិជ្ជកម្មជាមួយគ្នា ធ្លាក់ចុះជិត ២% នៅដើមឆ្នាំ២០២៣នេះ

ភ្នំពេញ៖ យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅដើមឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរកម្ពុជា និងវៀតណាម មានតម្លៃទឹកប្រាក់សរុប ៤៧៨ លានដុល្លារអាមេរិក ធ្លាក់ចុះ ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្ថិតិ បានឲ្យដឹងថា នៅខែមករា ដើមឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញទំនិញនានាទៅកាន់ប្រទេសវៀតណាម មានតម្លៃទឹកប្រាក់ប្រមាណ ១៧២ លានដុល្លារអាមេរិក កើនឡើង ១០,៧% ខណៈការចូលត្រឡប់មកពីប្រទេស​វៀតណាមវិញ មានតម្លៃទឹកប្រាក់ប្រមាណ ៣០៦លានដុល្លារ ធ្លាក់ចុះ ៧,៦% បើប្រៀបធៀបរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-កម្ពុជា នៅឆ្នាំ២០១៧ និងកិច្ចព្រមព្រៀងស្តីការចៀសវាងការយកពន្ធត្រួតគ្នានៅឆ្នាំ២០១៨។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន ១១ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ ដែលក្នុងនោះឯកសារភាគច្រើនផ្តោតលើកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងទូរគមនាគមន៍។

ការវិនិយោគរបស់វៀតណាម នៅកម្ពុជា ប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យកសិកម្មមានចំនួនប្រមាណ ២ភាគ៣ នៃគម្រោងវិនិយោគទាំងអស់។

គួរបញ្ជាក់ថា មុខទំនិញសំខាន់ៗរបស់កម្ពុជា នាំចេញទៅកាន់ប្រទេសវៀតណាម ភាគច្រើនជាផលិតផលកសិផល មានដូចជា គ្រាប់ស្វាយចន្ទី, ដំឡូងមី, ជ័រកៅស៊ូ, ស្រូវ, ពោត និងថ្នាំជក់ ជាដើម ខណៈដែលមុខទំនិញកម្ពុជា​ភាគច្រើន នាំចូលពីប្រទេសវៀតណា មានដូចជា ប្រេងឥន្ធនៈ, សម្ភារសំណង់, គ្រឿងឧបភោគបរិភោគ, បន្លែ ផ្លែឈើ ជី និងគ្រឿងយន្តកសិកម្ម ជាដើម៕

×