កំពង់ស្ពឺ : នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA YOSHIHDE មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងគណៈប្រតិភូកងស្វ័យការពារជើងគោកជប៉ុន០៦រូប បានអញ្ជើញទស្សនកិច្ចនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ (PKO)។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូកងស្វ័យការពារជើងជប៉ុន ក៏បានគោរពវិញ្ញាណក្ខន្ធដល់កងទ័ពរក្សាសន្តិភាពជប៉ុន ដែលបានពលី អំឡុងបេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា(UNTAC)។
នាឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ជប៉ុនជាមិត្តជិតស្និទ្ធកម្ពុជា ជាយូរមកហើយ និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យទំនាក់ទំនង កម្ពុជា-ជប៉ុន កាន់តែរឹងមាំ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។
ឯកឧត្តម បន្តថា កងកម្លាំងមួកខៀវកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រីង និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតដូចជា ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស ការចែករំលែកបទពិសោធ និងលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាព។ ជាមួយគ្នាមជ្ឈមណ្ឌលជាតិ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការហ្វឹកហ្វឺនត្រីភាគី ដែលមានអង្គការសហប្រជាជាតិ ជប៉ុន និងកម្ពុជា នាឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងជំនួបពិភាក្សានៃភាគីទាំងពីរ នាឧត្តមសេនីយ៍ YOSHIDA YOSHIHDE បានបង្ហាញភាពរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងកងទ័ពទាំងពីរ។
ទន្ទឹមនោះ នាឧត្តមសេនីយ៍ YOSHIDA YOSHIHDE ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងវិស័យរក្សាសន្តិភាព និងបន្តឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរវាងប្រទេសទាំងពីរកម្ពុជា ជប៉ុនផងដែរ។
ក្រោយជំនួបពិភាក្សាការងារ គណៈប្រតិភូ បានចុះពិនិត្យកងកម្លាំងកម្ពុជា ធ្វើការហ្វឹកហ្វឺនបោសសម្អាតមីន នៅចំការមីនសិប្បនិមិត្តផងដែរ៕រក្សាសិទ្ធុដោយ:សុវណ្ណារិទ្ធ














