Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង សូមឲ្យមន្ត្រីបក្សប្រជាជន សាងអំពើល្អគ្រប់ពេល ដើម្បីទាញយកបេះដូងពលរដ្ឋ ឲ្យស្រលាញ់និងអាណិត បោះឆ្នោតជូនគណបក្សប្រជាជន

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ បានសូមឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា សាងអំពើល្អឲ្យបានគ្រប់ពេលវេលា ដើម្បីទាញយកបេះដូងប្រជាពលរដ្ឋ ឲ្យពួកគាត់មានទំនុកចិត្ត អាណិតនិងស្រលាញ់យើងរហូតឈានដល់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង បន្តដឹកនាំប្រទេសជាតិបន្តទៀត។

ការស្នើសុំរបស់ឯកឧត្តម ឃួង ស្រេង បែបនេះ បានឡើងក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយសមាជិកគណបក្ស ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខណ្ឌពោធិសែនជ័យ ចំនួន ៥៣២នាក់ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍លាភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងត្រូវបម្រើប្រជាពលរដ្ឋ ឲ្យបានគ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោតនោះទេ គឺត្រូវបម្រើពួកគាត់៥ឆ្នាំពេញ និងសូមឲ្យរក្សាអំពើល្អនេះ រហូតតទៅ ដើម្បីទាញយកបេះដូងពួកគាត់ឲ្យគោរព អាណិត ស្រលាញ់ និងជឿទុកចិត្ត មកលើមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់យើង។ ក្នុងនាមសមាជិកបក្សប្រជាជនកម្ពុជា សូមបងប្អូនជួយផ្សព្វផ្សាយពីការពិត នូវស្នាដៃរបស់គណបក្សយើងអោយគេបានដឹង ដើម្បីវាយបកចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួន។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត ប្រជាពលរដ្ឋ នៅទូទាំងប្រទេសចេញពីរបបប៉ុលពតនៅថ្ងៃទី០៧មករាឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស ចេញពីជំងឺកូវីដ-១៩ និងបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។

ឯកឧត្តម ឃួង ស្រេង បន្ថែមទៀតថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿងបាន។ ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ ឲ្យបានគង់វង់ និងសូមឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង បានជម្រុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន ឲ្យបានលឿន ពិសេសនៅតាមផ្ទះជួល កម្មករកាត់ដេរជាដើម ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×