ភ្នំពេញ : នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបង្ហាញឆន្ទៈក្នុងការប្តេជ្ញាបន្តអនុវត្តផែនការ កែទម្រង់កងទ័ពឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើនថាមពល ក្នុងវិស័យការពារជាតិ។
ការបង្ហាញឆន្ទៈបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា ស្តីពីវឌ្ឍនភាពការងារបុគ្គលិករយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងទិសដៅអនុវត្តបន្ត (២០២៣-២០២៧) ដែលប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាយ៉ាងមុតមាំលើការងារកំណែទម្រង់ ដែលជាជម្រើសមិនអាចជៀស បាននិងត្រូវតែធ្វើជាប្រចាំ ដើម្បីកែលម្អ ពង្រីកសមត្ថភាពលទ្ធភាព និង សក្តានុពល ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើន នៃសង្គមជាតិ។
បើតាមនាយឧត្តមសេនីយ៍ ទាំងរចនាសម្ព័ន្ធចាត់តាំង ក្របខ័ណ្ឌការងារ និងឋានន្តរសក្តិ កងទ័ព ត្រូវតែធ្វើការកែសម្រួលឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភារកិច្ច ហើយចង់សម្រេចកិច្ចការនេះបាន ទាម ទារឱ្យថ្នាក់ដឹកនាំគ្រប់កងឯកភាព ស្ថាប័ន ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ មិនរាថយ និងធ្វើជាគំរូក្នុងការអារកាត់ ការលះបង់ប្រកប ដោយតម្លាភាព។

នាយឧត្តមសេនីយ៍អគ្គបញ្ជាការ បានជំរុញដល់គ្រប់ស្ថាប័ន ត្រូវខិតខំ កសាងប្រភពកម្លាំងបន្តវេន ក្នុងនោះយកចិត្តទុកដាក់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលតាមមុខជំនាញ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សំដៅពង្រឹងគុណភាព សមត្ថភាពក្នុងការបំពេញកាតព្វកិច្ចការងារ៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ









