ភ្នំពេញ៖ មកដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈនេះ មានអតីតបុគ្គលិក VODចំនួន៨រូបហើយ បានដាក់ពាក្យចូលបម្រើការងាររដ្ឋ ដែលសម្តេចបានផ្តល់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់អ្នកបង្ហោះសារឌឺដងដែរថា បុគ្គលិក VOD មួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែ និងឡើងត្នោត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទុកពេលទទួលអតីតបុគ្គលិករបស់ VOD ចូលក្របខណ្ឌរដ្ឋត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង ១៧៖០០នាទីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងសារនេះ សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីដែរថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារបណ្តាញសង្គមយ៉ាងដូច្នេះថា “កាលពីថ្ងៃ១៤កុម្ភៈ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ២០២៣នេះមាន
បុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភៈ២០២៣។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយ និងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថា បងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេ សុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះ រកការងារបានធ្វើ ដើម្បីចិញ្ចឹមជីវិត។ ក្របខ័ណរដ្ឋនៅពេលនេះ ត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយក ដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេ ព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹក ដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

