នៅថ្ងៃទី ២៨ ខែមិថុនានេះ អ្នកគាំទ្របាល់ទាត់មិចស៊ីកូ បាននាំគ្នាទៅឡោមព័ទ្ធជុំវិញស្ថានទូតកូរ៉េខាងត្បូង នៅរដ្ឋធានីមិចស៊ីកូ ដើម្បីអមអរជ័យជំនះ ២-០ របស់កូរ៉េខាងត្បូងលើក្រុមបាល់ទាត់អាល្លឺម៉ង់ ។
អ្នកគាំទ្រក្រុមមិចស៊ីកូ នៅខាងមុខស្ថានទូតកូរ៉េខាងត្បូង ព្រោះថាជ័យជំនះនឹកស្មានមិនដល់នេះ បានធ្វើឲ្យក្រុមមិចស៊ីកូ ឆ្លងផុតការប្រកួតជុំដំបូង ទោះបីជាក្រុមកូរ៉េខាងត្បូងខ្លួនឯង ពុំបានឆ្លងចូលវគ្គបន្ទាប់ក្តី
អគ្គកុងស៊ុលកូរ៉េខាងត្បូងនៅមិចស៊ីកូ ត្រូវបានអ្នកគាំទ្រម្នាក់លើកលីលើស្មា ។
ក្នុងពេលដែលប្រទេសមិចស៊ីកូទាំងមូល កក្រើក និងសកម្មភាពស្វាគមន៍ក្រុមបាល់ទាត់របស់ខ្លួន បានចូលជុំបន្ទាប់នោះ អ្នកគាំទ្រក្រុមបាល់ទាត់អាល្លឺម៉ង់ បានទ្រហ៊ោរយំ និងឱបមុខសោកស្តាយ ព្រោះតែក្រុមអតីតជើងឯកពិភពលោករបស់ប្រទេសខ្លួន បានត្រូវក្រុមអាស៊ីតូចតាចមួយ ផ្តួលរំលំយ៉ាងអាម៉ាស់ ។
ចាញ់កូរ៉េខាងត្បូង ២-០ មានន័យថា ពួកគេត្រូវយួរវ៉ាលីសវិលត្រឡប់ទៅប្រទេសវិញ ។
អ្នកគាំទ្រអាល្លឺម៉ង់ពិតជាតក់ស្លុតចំពោះហេតុការណ៍មិនអាចនឹកស្មានដល់នេះ ។
ពលរដ្ឋអាល្លឺម៉ង់ក្នុងស្រុក ស្ទើរគ្រប់កន្លែងនាំគ្នាបង្ហូរទឹកភ្នែក ខណៈពេលអ្នកគាំទ្រមានវត្តមាននៅទីលានប្រកួត យកអាវគ្របមុខលែងហ៊ានទស្សនា ក្រោយពេលកូរ៉េខាងត្បូងទាត់ចូល ២គ្រាប់ ។
ស្ត្រីអ្នកគាំទ្រអាល្លឺម៉ង់ម្នាក់ទ្រហ៊ោរយំយ៉ាងខ្លាំង ។
ចំណែកអ្នកគាំទ្របុរសម្នាក់នេះ ហាក់ដូចជាគ្មានព្រលឹងក្នុងខ្លួន ។
ទោះយ៉ាងណាពួកគេត្រូវទទួលស្គាល់ថា ក្រុមអាល្លឺម៉ង់ពិតជាលេងអន់មែនទែន ខណៈពេលពួកគេត្រូវការត្រឹម ១ពិន្ទុ ពោលគឺស្មើគ្នាជាមួយកូរ៉េខាងត្បូង ឬត្រឹមឈ្នះមួយគ្រាប់ក៏អាចចូលទៅកាន់វគ្គប្រកួតបន្ត ។ អ្នកគាំទ្រពីរនាក់លួងលោមគ្នា ។
អាល្លឺម៉ង់អាចលួងលោមចិត្តខ្លួនឯងថា ពុំមែនមានតែខ្លួនទេ សូម្បីតែក្រុមអតីតជើងឯកត្រូវបានផ្តួលនៅវគ្គដំបូង ក៏មានដែរកាលពីមុនមក ដូចជាបារាំង នៅឆ្នាំ ២០០២ , អ៊ីតាលី នៅឆ្នាំ ២០១០ និងអេស្ប៉ាញនៅឆ្នាំ ២០១៤ ។
ក្រោយបញ្ចប់ការប្រកួតកន្លះម៉ោងហើយអ្នកខ្លះនៅពុំទាន់ក្រោកឈររួចពីកៅអីទេ ។ ណ្ហើយចុះយើងរង់ចាំ ៤ឆ្នាំទៀត ៕ ចន្ទ្រា