Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងបាញ់មីស៊ីលអន្ដរទ្វីបភ្លាម សហរដ្ឋអាមេរិក ដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកភ្លែត

រដ្ឋធានីសេអ៊ូល៖ ក្រោយពេលកូរ៉េខាងជើង បានបាញ់មីស៊ីលអន្ដរទ្វីប បង្កនូវការគំរាមកំហែង ដល់សន្ដិសុខនៅក្នុងតំបន់មិនបានប៉ុន្មានម៉ោងផង សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ មានល្បឿនលឿនជាងសំឡេង ដើម្បីប្រឆាំងនឹងការគំរាមកំហែង ដល់ប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួន នៅតំបន់អាស៊ីបូព៌ា។

សារព័ត៌មាន WJA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា កូរ៉េខាងជើង បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ការបាញ់សាកល្បងមីស៊ីលបាល្លិស្ទីកអន្ដរទ្វីបចុងក្រោយរបស់ខ្លួន សំដៅបង្កើនសមត្ថភាពវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និង បានគំរាមកំហែង ដល់ការបោះជំហានដ៏មានកម្លាំងខ្លាំងបន្ថែមទៀត ប្រឆាំងនឹងការធ្វើសមយុទ្ធយោធា រវាងកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង នាពេលខាងមុខនេះ។

ជាការឆ្លើយតបវិញនោះ កងទ័ពសហរដ្ឋអាមេរិក កាលពីល្ងាច ថ្ងៃអាទិត្យ បានហោះហើរកងយន្ដហោះទម្លាក់គ្រាប់បែក មានល្បឿនលឿនជាងសំឡេងយ៉ាងវែង នៅក្នុងការបង្ហាញ អំពីការធ្វើសមយុទ្ធយោធារួចគ្នាដាច់ដោយឡែក ជាមួយនឹងយន្ដហោះចម្បាំងរបស់សម្ពន្ធមិត្ដកូរ៉េខាងត្បូង និង ជប៉ុន។

ការបាញ់សាកល្បងមីស៊ីលបាល្លិស្ទីកអន្ដរទ្វីប (ICBM) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ក៏ជាការបាញ់មីស៊ីលលើកទី១របស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី១ ខែមករា មក។ សកម្មភាពបែបនេះ បានបង្ហាញ ថា មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កំពុងតែប្រើប្រាស់សមយុទ្ធរបស់គូប្រជែងរបស់គាត់ សម្រាប់ជាឱកាស ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ដើម្បីស្វែងរកដំណោះស្រាយឲ្យមានទម្ងន់ នាពេលអនាគតជាមួយសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ អ្នកជំនាញយោធាម្នាក់ បានអះអាង ថា កូរ៉េខាងជើង អាចនឹងព្យាយាម ធ្វើសមយុទ្ធប្រតិបត្តិការជាប្រចាំ ពាក់ព័ន្ធនឹងមីស៊ីលបាល្លិស្ទីកអន្ដរទ្វីបរបស់ក្រុងព្យុងយ៉ាង។ ចំណែកការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ក៏ជាការបង្ហាញនូវការគំរាមកំហែង ដោយផ្ទាល់ ដល់សហរដ្ឋអាមេរិក ដោយសារតែសម្ពន្ធមិត្តនៅក្នុងតំបន់ កំពុងតែរៀបចំធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ទីភ្នាក់ងារមជ្ឈមណ្ឌលសារព័ត៌មានផ្លូវការកូរ៉េ (KCNA) របស់ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ ថា ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាល្លិស្ទីកអន្ដរទ្វីប Hwasong-15 (វ៉ាសុង-១៥) ហើយត្រូវបានរៀបចំភ្លាមៗ តាមបញ្ជាផ្ទាល់របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដោយគ្មានការជូនដំណឹង ជាមុននោះឡើយ។ មីស៊ីល បានហោះ នៅក្នុងរយៈកម្ពស់ ៥ ៧៧០គីឡូម៉ែត្រ ដោយវាហោះបានចម្ងាយ ៩៩០គីឡូម៉ែត្រ នៅក្នុងរយៈពេល៦៧នាទី ខណៈវាបានវាយប្រហារ ទៅលើតំបន់ដែលបានកំណត់ទុក នៅក្នុងដែនទឹក រវាងឧបទ្វីបកូរ៉េ និង ជប៉ុន។

លោក អេខិត ផានដា (Ankit Panda) អ្នកជំនាញ មកពីអង្គការ Carnegie Endowment (កាណេហ្គី អែនឌូមែន) សម្រាប់សន្ដិភាពអន្ដរជាតិ មានមូលដ្ឋាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានអះអាង ថា លោក គីម ជុងអ៊ុន ទំនងជាបានកំណត់ ថា ភាពជឿជាក់ខាងបច្ចេកទេស នៃកងកម្លាំងមីស៊ីលបាល្លិស្ទីកអន្ដរទ្វីប នឹងជំរុញឲ្យសាកល្បង និង វាយតម្លៃគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យមានសមយុទ្ធប្រតិបត្តិការជាប្រចាំ សម្រាប់មីស៊ីលប្រភេទនេះ»។

ជាការឆ្លើយតបយ៉ាងគឃ្លើនរបស់កូរ៉េខាងជើង នោះ កងទ័ពសហរដ្ឋអាមេរិក កាលពីល្ងាច ថ្ងៃអាទិត្យ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1B និង យន្ដហោះចម្បាំង ជាច្រើនប្រភេទផ្សេងទៀត ធ្វើសមយុទ្ធជាមួយនឹងយន្ដហោះចម្បាំងដ៏ទំនើបរបស់កូរ៉េខាងត្បូង និង ជប៉ុន នៅពីលើ និង ជិតឧបទ្វីបកូរ៉េ។ ទន្ទឹមគ្នានេះ កងទ័ពកូរ៉េខាងត្បូង ក៏បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ ថា ការធ្វើសមយុទ្ធរបស់កងទ័ពអាកាសនេះ ចង់បញ្ជាក់ឡើងវិញ អំពីការប្ដេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន សម្រាបការធានាដល់សន្ដិសុខរបស់កូរ៉េខាងត្បូង។

ដោយឡែក កូរ៉េខាងជើង មានភាពរសើបយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-1B របស់សហរដ្ឋអាមេរិក ព្រោះវាមានសមត្ថភាព ផ្ទុកអាវុធធម្មតាយ៉ាងច្រើន។ ស្របគ្នានេះ ក្រុងព្យុងយ៉ាង បានប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការធ្វើសមយុទ្ធយោធាជាបន្ដបន្ទាប់ ខណៈក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន មានផែនការធ្វើ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×