ភ្នំពេញ ៖ នៅថ្ងៃនេះទាក់ទងទៅនឹងសារនយោបាយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច គឺជាកំហុសមួយដ៏ធ្ងន់ធ្ងរ ជាពិសេសជាការវាយប្រហារដ៏ធ្ងន់ទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល លើការចាត់ចែងថវិកាជាតិ។

នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
សម្តេចតេជោបានថ្លែងធ្ងន់ៗថា «កុំរំពឹងថា វិទ្យុវីអូឌី រស់ឡើងវិញឱ្យសោះ»។ សម្តេចនឹងត្រៀមសួរទៅបរទេសថា តើការផ្សាយចោទ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទវិទ្យុ វីអូឌី មិនធ្វើឱ្យស្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា សារព័ត៌មាន VOD ដែលត្រូវលុបអាជ្ញាបណ្ណផ្សាយ មិនអាចរស់ឡើងវិញនោះទេ ហើយសម្តេចប្រាប់ទៅជនបរទេសទាំងឡាយ សូមកុំពាក់ព័ន្ធជាមួយរឿង VOD ។ ការបិទសារព័ត៌មាន VOD នេះ មិនបានសម្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញការបិទនេះ ថែមទាំងជួយលើកកម្ពស់នូវវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន នៅកម្ពុជាថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំសង្ឃឹមថាអ្នកឯង អាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេស បើពឹងបានគណបក្សដែលរំលាយទៅ ងាប់បានហើយ វារស់ឡើងវិញបានហើយ មិនមែនត្រឹមកូនវិទ្យុតូចមួយនេះទេ ហើយបិទ VOD ក៏មិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា វាងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញ វាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ។ វាល្មមដល់ទីបញ្ចប់ វាស៊យវារឿងអីមកវាយទាំងឪ ទាំងកូន វាយទាំងរដ្ឋាភិបាល គោលដៅវាយខ្ញុំជាមួយនឹងកូន លោក ហ៊ុន ម៉ាណែត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសុំរំលឹកជនបរទេសនានា សូមកុំមកពាក់ព័ន្ធ ជាមួយ VOD ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានត្រៀមសំណួរសួរ ទៅកាន់មិត្តភក្តិបរទេសរួចហើយ បើគេសួររឿងបិទ VOD ដោយសំណួរដែលសម្តេចត្រៀមសួរនោះ តើការផ្សាយចោទលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?
សម្តេចតេជោក៏បានលើកឡើងពីប្រទេសឥណ្ឌា ដែលជាមហាអំណាចប្រជាធិបតេយ្យនៅអាស៊ី តែបែរបញ្ជូនកម្លាំងទៅឆែកស្នាក់សារព័ត៌មាន BBC របស់អង់គ្លេស ហើយឥណ្ឌានៅតែប្រកាន់ជំហរថាខ្លួនធ្វើត្រឹមត្រូវ ព្រោះផ្សាយអាក្រក់ពីនាយករដ្ឋមន្ត្រីឥណ្ឌា។ សម្រាប់ VOD សម្តេចធ្វើត្រឹមតែលុបអាជ្ញាបណ្ណផ្សាយប៉ុណ្ណោះ មិនបានប្រើប្រាស់អំណាចទៅឆែកឆេរ ឬស្រាវជ្រាវរកឫសគល់ ប្រពភផ្តល់ព័ត៌មាន ប្រភពហិរញ្ញវត្ថុនោះទេ។

សារព័ត៌មាន VOD ត្រូវបានបិទទាំងស្រុង កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌការងាររដ្ឋ ជូនដល់អតីតបុគ្គលិកសារព័ត៌មាន VOD ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ បន្ទាប់ពីសារព័ត៌មាននេះ ត្រូវបានបិទព្រោះការការផ្សាយព័ត៌មានខុស នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាលកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី






