ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់ក្រុមមន្ត្រី និងក្រុមនិស្សិតថា ខ្ញុំគាំទ្រឲ្យមានការផលិតភាពយន្តអប់រំខ្លី ដើម្បីចូលរួមអប់រំសង្គម ប៉ុន្តែការផលិតភាពយន្តអប់រំខ្លីនោះ មិនគួរប្រើពាក្យពេចន៍ និងសកម្មភាព លើស ជ្រុល ពីស្ថានភាពពិតនៃសង្គមនោះទេ។

សម្តេចតេជោ លើកឡើងបែបនេះ បន្ទាប់ពីបានទស្សនារឿងអប់រំខ្លីមួយ ដែលមានចំណងជើងថា «ស្រីមុខលុយ» ដែលមានការប្រើប្រាស់ពាក្យពេចន៍ លើស ជ្រុល ខុសពីស្ថានភាពសង្គមពិត។
សម្តេចបញ្ជាក់ថា «ប្រហែលជាកន្លែងខ្លះយើងលេងទៅ វាលើស វាជ្រុល បងប្អូនចង់ធ្វើការអប់រំ ប៉ុន្តែជួនកាល មានភាពឆ្គង គឺមិនរហូតដល់ប៉ុណ្ណឹងពេកទេដឹង? ” វីដេអូភាពយន្តខ្លី ចំណងជើង ស្រីមុខលុយ ” ក្មួយៗលេងចង់អប់រំមនុស្ស កុំឲ្យមើលមនុស្សតែសំបកក្រៅ យល់ ! ប៉ុន្តែជួនកាលការប្រើពាក្យពេចន៍ គឺអត់ត្រូវជាមួយសង្គមពិត, យើងលើកទឹកចិត្តឲ្យមានការអប់រំ កុំឲ្យមានការរើសអើង ហើយគិតតែពីរឿងលុយកាក់ នោះគឺជាការល្អហើយ ប៉ុន្តែបើវាជ្រុលហួសពេក វាទៅជាមានកំហុសឆ្គងទៅវិញ ភាពយន្តនោះក៏អត់មានគុណភាព គេក៏អត់គាំទ្រ។

ការសម្តែងជ្រុលនេះ មិនមែនមកពីតួសម្តែងទេ គឺមកពីអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ដែលជាអ្នករៀបចំឲ្យតួសម្តែងធ្វើតាម។
បើនិយាយ Tiktok វិញ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចច្រើនមើល Tiktok ផងដែរ នៅម៉ោង១២យប់ និងសូមផ្តាំទៅមនុស្សមួយចំនួន ដែលដឹងថា សម្តេចចូលចិត្តមើល Tiktok ហើយផលិតរឿងជេរសម្ដេចដាក់ក្នុង Tiktok ឲ្យសម្តេចមើល គឺមិនមើលទេ, សម្តេចគ្មានពេលមើលការជេរបញ្ចោរទេ, សម្តេចចូលចិត្តមើល Tiktok តែវីដេអូអប់រំសង្គម អប់រំសុខភាព និងអប់រំឲ្យធ្វើអំពើល្អ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










