Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន ប្រជាជនកម្ពុជា ប្រើប្រាស់ថាមពលអគ្គិសនីជាង ២ពាន់មេហ្គាវ៉ាត់ នៅពេលថ្ងៃ ខណៈនៅពេលយប់ ធ្លាក់មកនៅត្រឹមជាង ១ពាន់មេហ្គាវ៉ាត់

ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលបង្ហាញដោយប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន អានុភាពសរុបនៃប្រភពអគ្គិសនី ដែលត្រូវបានអភិវឌ្ឍកើនឡើងពីជិត ៤ពាន់ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២១ បានកើនដល់ជិត ៤ពាន់ ៥០០មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២២។

បច្ចុប្បន្ន ប្រជាជនកម្ពុជា មានតម្រូវការថាមពលអគ្គិសនីជាង២ពាន់មេហ្គាវ៉ាត់សម្រាប់ការប្រើប្រាស់នៅពេលថ្ងៃ ខណៈនៅពេលយប់ធ្លាក់មកនៅត្រឹមជាង១ពាន់មេហ្គាវ៉ាត់។ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា បរិមាណថាមពល បានកើនឡើងពីជាង ១៣ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២១ ដល់ជាង ១៥ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះបីស្ថិតក្នុងវិបត្តិសាកលនានាក៏ពិតមែន តែអគ្គិសនីកម្ពុជាកន្លងមក មិនបានតំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះទេ ខណៈតម្លៃថ្លៃដើមពីបណ្ដាប្រទេសផលិតអគ្គិសនីមានការកើនឡើងក៏ដោយ។ បើតាមឯកឧត្តម យឹម វិសិដ្ឋ នៅឆ្នាំ២០២៣ អគ្គិសនីកម្ពុជា មានទិសដៅបន្តអភិវឌ្ឍគ្រប់ទីកន្លែងឱ្យមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ មានសិ្ថរភាព អាចជឿទុកចិត្តបាន និងមានថ្លៃកាន់តែសមរម្យ។

កាលពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ជាមួយនឹងផែនការមេឆ្នាំ២០២២-ឆ្នាំ២០៤០ ក្នុងការអភិវឌ្ឍអគ្គិសនី កម្ពុជាត្រូវការទុនជាង ១១ពាន់លានដុល្លារ ។ ក្នុងនោះជាង ៩ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រភពអគ្គិសនី និងជិត១ពាន់៨រយលានដុល្លារ សម្រាប់អភិវឌ្ឍប្រព័ន្ធបញ្ជូនតង់ស្យុងខ្ពស់។

វិស័យអគ្គិសនី ត្រូវបានចាត់ទុកជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈបច្ចុប្បន្ន អាជ្ញាធរអគ្គិសនី បានផ្គត់ផ្គង់អគ្គិសនីប្រមាណជាង ៩៨% នៃចំនួនភូមិសរុបទូទាំងប្រទេស។ ផ្អែកតាមការសិក្សានៅក្នុងឆ្នាំ២០២៣ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបានទៅដល់ ១៥៧ភូមិទៀត ដូចនេះ នៅក្រោយឆ្នាំ២០២៣ គឺអាចសល់ភូមិចំនួន ៨៨ទៀតប៉ុណ្ណោះ ដែលពុំទាន់មានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៕

×