ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាទមានប្រសាសន៍ឆ្លើយតបទៅនឹងមហាជនជាច្រើនជជែកគ្នាជុំវិញរឿងការបិទសារព័ត៌មាន VOD ថា ការបិទសារព័ត៌មាន VOD នេះ មិនបានសម្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញការបិទនេះ ថែមទាំងជួយលើកកម្ពស់នូវវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន នៅកម្ពុជាថែមទៀតផង។

ជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ពាក់ព័ន្ធនឹងការបិទសារព័ត៌មាន VOD ថែមទៀតថា ការលុបអាជ្ញាបណ្ណផ្សាយរបស់ VOD នេះ គឺមិនអាចរស់ឡើងវិញបាននោះទេ សូមប្រាប់ទៅជនបរទេសទាំងឡាយ សូមកុំពាក់ព័ន្ធជាមួយរឿង VOD ។
សម្តេចតេជោ ហ៊ុន សែន សង្កត់ថា កុំសង្ឃឹមថា អ្នកឯង (VOD) អាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេស បើពឹងបានមែននោះ គឺគណបក្សដែលតុលាការកំពូលរំលាយទៅ ដែលងាប់បាត់ទៅហើយនោះ វានឹងរស់ឡើងវិញដូចគ្នាបានដែរហើយ, មិនមែនត្រឹមកូនវិទ្យុតូចមួយនេះទេ ហើយការបិទ VOD ក៏មិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា វាងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញ វាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មានបានត្រឹមត្រូវថែមទៀត។

វាល្មមដល់ទីបញ្ចប់ហើយសារព័ត៌មានដែលផ្សាយមួលបង្កាច់ បំភ្លៃ ធ្វើឲ្យមានការភ័ន្ដច្រឡំដល់មតិជាតិ និងអន្តរជាតិ, វាស៊យវា រឿងអីមកវាយទាំងឪ ទាំងកូន វាយទាំងរដ្ឋាភិបាល គោលដៅ គឺវាយខ្ញុំជាមួយនឹងកូន (លោក ហ៊ុន ម៉ាណែត) ប៉ុន្តែប៉ះពាល់ដល់រាជរដ្ឋាភិបាលធ្ងន់ធ្ងរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខ្ញុំត្រៀមសំណួរទៅកាន់មិត្តភក្តិបរទេសរួចហើយ បើគេសួរខ្ញុំអំពីរឿងបិទ VOD, សំណួរនោះ គឺ តើការផ្សាយចោទ លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេចតេជោ ហ៊ុន សែន ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?
ក្រឡេកទៅមើលមហាអំណាចប្រជាធិបតេយ្យនៅអាស៊ី គេបានបញ្ជូនកម្លាំងទៅឆែកស្នាក់សារព័ត៌មាន BBC របស់អង់គ្លេស ហើយឥណ្ឌានៅតែប្រកាន់ជំហរថា ខ្លួនធ្វើត្រឹមត្រូវ ព្រោះផ្សាយអាក្រក់ពីនាយករដ្ឋមន្ត្រីឥណ្ឌា។ សម្រាប់ VOD វិញ យើងធ្វើត្រឹមតែលុបអាជ្ញាបណ្ណផ្សាយប៉ុណ្ណោះ មិនបានប្រើប្រាស់អំណាចទៅឆែកឆេរ ឬស្រាវជ្រាវរកឫសគល់ ប្រពភផ្តល់ព័ត៌មាន ប្រភពហិរញ្ញវត្ថុនោះទេ។

សូមបញ្ជាក់ថា សារព័ត៌មាន VOD ត្រូវបានបិទទាំងស្រុង កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចលុបអាជ្ញាបណ្ណ ដោយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ, មកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ក្របខ័ណ្ឌការងាររដ្ឋ ជូនដល់អតីតបុគ្គលិកសារព័ត៌មាន VOD ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ បន្ទាប់ពីសារព័ត៌មាននេះត្រូវបានបិទ។
VOD បានផ្សាយព័ត៌មានខុស នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាលកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។ កាន់តែធ្ងន់ធ្ងរទៀតនោះ គឺថ្នាក់ដឹកនាំសារព័ត៌មាននេះ មិនផ្សាយបំភ្លឺ និងមិនទទួលស្គាល់ទោសកំហុស លើការផ្សាយរបស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









