Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការពារជាតិ ច្រានចោល​របាយការណ៍​របស់ HRW ដែល​វាយប្រហារ​មកលើ ថ្នាក់ដឹកនាំ ១២​រូប​នៃ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​

​ភ្នំពេញ​៖ ក្រសួងការពារជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​​ បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ របាយការណ៍​បំភ្លៃ​ការពិត​ដែល​បង្កើតឡើង​​តាម​អំពើ​ចិត្ត​ដោយរ​បស់ អង្គការ​ឃ្លាំមើល​សិទ្ធិ​អន្តរជាតិ (HRW) ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​២០១៨ ​ដែល​មាន​បំណង​ញុះញង់​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល មក​លើ​មន្ត្រី​ជាន់ខ្ពស់​១២​រូប នៃ​កងកម្លាំង​ប្រដាប់អាវុធ​​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ការ​ប្រឌិត​របាយការណ៍​បែប​ឆ្គួត​លីលា​របស់​ក្រុម​នេះ​​គឺជា​ការរំលោភ​បំពាន​ម្តង​ហើយ​ម្តង​ទៀត​មក​លើ អធិបតេយ្យភាព ឯករាជ្យភាព និង​នីតិរដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិត​របស់ ជន​បរទេស​មួយ​ចំនួន និង​ក្រុម​អ្នកនយោបាយ​ក្បត់ជាតិ ដែល​បាន​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​​បំផ្លិចបំផ្លាញ​ដល់​សន្តិភាព និង​សេចក្តីសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​បើ​ទោះបីជា​ផែនការ​បដិវត្តន៍​ពណ៌​នេះ​ បាន​បរាជ័យ​រហូតដល់​មានការ​ចាប់ខ្លួន​មេខ្លោង​រួចហើយ​ក៏​ដោយ ក៏​ក្រុម​នេះ​ខ្លះ នៅ​មិនទាន់​បោះបង់​ចោល​គំនិត​​បំផ្លិចបំផ្លាញ​កម្ពុជា​នៅឡើយ​ទេ​។ ក្រសួង​ការពារជាតិ សូម​ប្រកាស​ច្រាន​ចោល​ទាំងស្រុង មិន​ទទួលយក​ដាច់ខាត​​ចំពោះ​ការចោទប្រកាន់​នៃ​របាយការណ៍​ដែល​បង្កប់​ឧបាយកល​ពិសពុល របស់​ក្រុម​ដែល​ហៅថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បែបនេះ​។​

​ក្រសួង​ការពារជាតិ សូម​បាន​អំពាវនាវ​ដល់ របស់​ដែល​ហៅថា អង្គការ​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស (HRW) ឱ្យ​បញ្ឈប់​ជាបន្ទាន់​​នូវ​ការ​ប្រឌិត របាយការណ៍​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន ទៅ​លើ​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា យ៉ាង​អយុត្តិធម៌​​បែប​នេះ​តទៅទៀត​។​

​សូមបញ្ជាក់​ថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ទើបតែ​បាន​ចេញផ្សាយ​នូវ​​របាយការណ៍​ថ្មី​សន្លាង​មួយ ស្ដីពី បុគ្គល​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់​១២​រូប​របស់​កម្ពុជា​៖ ប្រវត្តិ​រំលោភ​សិទ្ធិមនុស្ស​ដ៏​យូរអង្វែង​ ​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​សម្តេច​តេជោ ហ៊ុន សែន​។ របាយការណ៍​ថ្មី​នេះ លាតត្រដាង​ឲ្យឃើញថា កម្ពុជា​កាន់តែ​ប្រែក្លាយ​ទៅរក​របប​​ផ្ដាច់ការ និង​ការដឹកនាំ​បែប​ឯក​បក្ស ដោយសារ​តែ​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់​ទាំង​១២​រូប ក្នុង​ជួរ​កងកម្លាំង​សន្តិសុខ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​ខ្នងបង្អែក​នៃ​របប​នយោបាយ​មួយ​ពោរពេញ​ទៅដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​​និង​មាន​ចរិត​ផ្ដាច់ការនិយម​។​

របាយការណ៍​កម្រាស់​២២៣​ទំព័រ របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ទើប​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ មិថុនា នេះ ចង្អុល​​បង្ហាញថា នាយ​ឧត្ដមសេនីយ៍​របស់លោក ហ៊ុន សែន ល្បី​នៅលើ​ឆាក​អន្តរជាតិ​ថា មាន​បាតដៃ​ប្រឡាក់​ឈាម​ទាំងនោះ រួមមាន​៖

១) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​។

២) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ គន់ គីម អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​។

៣) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​

​លើ​ផ្ទៃ​ប្រទេស​។

៤) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។

៥) ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤។

៦) ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កង​យោធភូមិភាគ​ទី​៥។

៧) ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ ជឿន សុវណ្ណ​ថា មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​២។

៨) ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងពលតូច​ទ័ព​

​ពិសេស​ឆត្រយោង​៩១១។

៩) ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​

​រាជធានី​ភ្នំពេញ​។

១០) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ សុខ ផល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អគ្គនាយក​អន្តោប្រវេសន៍​។

១១) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​

​គ្រឿងញៀន​។

១២) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៕ ​ដោយ បញ្ញា​ស័ក្តិ​

×