តាកែវ៖ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា បច្ចុបុប្បន្នកម្ពុជាមានលទ្ធភាពក្នុងការផលិតនូវផលិតផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅស្រុក។

ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ែណែត ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ម៉េកូ អ៉ិនថេលីជេន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតអំពូលអគ្គិសនីសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក និងកាណាដា ដែលមានទីតាំងស្ថិតនៅ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវនាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។

ឯកឧត្តមបានរំលឹកថា ឯកឧត្តមនៅចាំបានថានៅក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ សម្ភារៈប្រើប្រាស់ស្ទើរតែទាំងអស់ រួមទាំងគ្រឿងឧបភោគបរិភោគមួយភាគធំ ដូចជាភេសជ្ជៈ គឺជាផលិតផលនាំចូលពីបរទេស ដោយសារយើងមិនមានលទ្ធភាពផលិតនៅក្នុងប្រទេសទេនៅពេលនោះ។

ឯកឧត្តមបានបន្ថែមទៀតថា ប៉ុន្តែបច្ចុប្បននេះកម្ពុជាយើងបានអភិវឌ្ឍសមទ្ធភាពក្នុងការផលិតនិងតម្លើងនូវផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជាគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។ នេះជាមោទន:ភាពពិតៗរបស់កម្ពុជាដែលអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិភាព។

ថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរ ចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់ ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានធ្វើការវិនិយោគនៅកម្ពុជា ជាមួយនឹងដើមទុនសរុបប្រមាណ ៣២ លានដុល្លារអាមេរិក។ បន្ថែមលើរោងចក្រ-សហគ្រាសចំនួនជាង ២០០ ក្នុងទូទាំងខេត្ត រោងចក្រដ៏ថ្មីសន្លាងនេះ នឹងជួយជំរុញនូវសក្តានុពលរបស់ខេត្តតាកែវ ក្នុងការស្រូបយកឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ជាដើម។ រោងចក្រទាំងអស់នេះ បាននិងកំពុងបង្កើតការងារ ជូនដល់កម្មករ-និយោជិតចំនួនជិតប្រមាណ ៧ ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុបប្រមាណ ២២៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយនេះគឺជាវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមមូលដ្ឋាន និងការចូលរួមក្នុងកិច្ចការសង្គមនានា៕




