ភ្នំពេញ ៖ ក្នុងជំនួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព, លោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូត សាធារណ រដ្ឋ កូរ៉េ (កូរ៉េខាងត្បូង) តែងតាំងថ្មី ប្រចាំនៅកម្ពុជា បានបង្ហាញពីក្ដីរំពឹងថា តាមរយៈកិច្ច ព្រម ព្រៀងពាណិជ្ជកម្មសេរី និងការមិនយកពន្ធត្រួតគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូង វានឹងពង្រីកទំហំពាណិជ្ជកម្ម ទាក់ទាញអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោក ផាក ជុង វុក បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា ក្នុងអំឡុងបេសកកម្មរបស់លោកជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង ឱ្យកាន់តែរឹងមាំថែមទៀត ទាំងនយោបាយ វប្បធម៌ និងសេដ្ឋកិច្ច។ កន្លងមក លោកបានពិនិត្យឃើញថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង កូរ៉េ ខាងត្បូង មានការរីក ចម្រើន ជាលំដាប់ ទោះបីក្នុងដំណាក់កាលនៃការរាតត្បាតជំងឺ កូវី ដ -១៩ យ៉ាងណាក្តី។
ផ្អែកលើទំនាក់ទំនងដ៏ល្អនេះ ធ្វើឱ្យទំហំពាណិជ្ជ កម្ម រវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើង ដល់ ១ពាន់លានដុល្លារ កាលពី ឆ្នាំ ២០២២ ខណ:កូរ៉េខាងត្បូង ជាប្រទេស ឈរលើចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។
ហេតុដូច្នេះ លោកឯកអគ្គរដ្ឋទូត បង្ហាញសុទិដ្ឋិនិយមថា ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានេះ នឹងធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង រីកកាន់តែធំ មានទឹកប្រាក់លើសពី ១ពាន់លានដុល្លារថែមទៀត ព្រមទាំងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះ លោក ផាក ជុង វុក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មី ប្រចាំនៅកម្ពុជា, សម្តេចតេជោ សូមថ្លែង អំណរគុណចំពោះការផ្តាំផ្ញើសាកសួរ សុខទុក្ខ របស់ ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេច ក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ឲ្យរឹងរឹតកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ចាប់តាំងពីអាណត្តិឯកអគ្គរដ្ឋទូតមុនៗ កាលពីឆ្នាំ១៩៩៧ រហូតមកដល់ឯកអគ្គរដ្ឋទូតបច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) នៅកម្ពុជា ជាច្រើន ក្នុងនោះ ជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ និងវិស័យជាច្រើនទៀត ចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













