ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (AFD) បានបង្ហាញថា លោកពេញចិត្តនឹងបន្តធ្វើការងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយកម្ពុជា និងចូលរួម អបអរសាទរខួប ៣០ឆ្នាំ នៃបេសកកម្មការងាររបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅកម្ពុជាផងដែរ។
លោក រ៉េមី រីយូ (Rémy Rioux) បានថ្លែងទៅកាន់ សម្ដេចតេជោ ហ៊ុន សែន ថា អស់រយៈពេល ៣០ឆ្នាំហើយ ដែលទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានភ្ជាប់ទំនាក់ទំនងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានវិនិយោគប្រមាណ ១ពាន់លានអ៉ឺរ៉ូ សម្រាប់ការងារអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យសំខាន់ៗ ដូចជា វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី, វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល ព្រមទាំងដាក់ឱ្យដំណើរការកម្មវិធីការងារដូចបានសន្យាជានយោបាយនៅទីក្រុងប៉ារីស។

អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (AFD) រូបនេះ បានជម្រាបសម្ដេចតេជោហ៊ុន សែន ថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ថ្មីៗនេះ បានបើកសាខាបច្ចេកទេសនៅកម្ពុជា ដែលវានឹងបង្កើនការជួយដល់កម្ពុជាថែមទៀតលើបណ្ដាញអគ្គិសនី ជាពិសេស សម្រាប់អគ្គិសនី កកើតឡើងវិញ, ប៉ុន្តែទោះជាយ៉ាងណា ចង់ជួយអ្វីដល់កម្ពុជាក៏ដោយ ក៏ត្រូវតែធ្វើឲ្យចំគោលដៅផងដែរ ដូច្នេះតើសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យជួយលើពិស័យអ្វីខ្លះ ដើម្បីអភិវឌ្ឍកម្ពុជាបន្តទៅមុខទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយកម្ពុជា លើវិស័យអាទិភាពដែលបារាំងកំពុងតែជួយស្រាប់ នោះគឺ ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងអគ្គិសនី ជាដើម។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាកំពុងជំរុញការកែច្នៃស្រូវសម្រាប់នាំចេញ, ប៉ុន្តែកម្ពុជានៅមានកង្វះម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និងកែច្នៃជាអង្ករសម្រាប់នាំចេញ ដូច្នេះកម្ពុជាត្រូវការពង្រឹងពង្រីកវិស័យស្រូវ-អង្គរ។ ចំណែកនយោបាយឧស្សាហកម្ម គឺកម្ពុជាចង់បានឧស្សាហកម្មកែច្នៃ សម្រាប់កែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។
ការលើកឡើងពីតម្រូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ លោក រ៉េមី រីយូ (Rémy Rioux) បញ្ជាក់ជូនថា លោកបានកត់ត្រាទុករាល់អ្វីដែលសម្ដេចតេជោ បានចង្អុលបង្ហាញ ហើយលោក នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















