Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ទទួលស្គាល់ថា កិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងជំរុញទំនាក់ទំនង នឹង កំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅទីក្រុងឌុយបៃ ដោយមានលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាភាគីកម្ពុជា និងលោក ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាភាគីអេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ នៅទីក្រុងឌុយបៃ ដោយមានវត្តមានរបស់ក្រុមការងារចរចារបស់ភាគីទាំងពីរ សរុបប្រមាណ ១០០ រូប។

ប្រធានក្រុមចរចាភាគីកម្ពុជា បានកោតសរសើរ និងបង្ហាញនូវក្តីសោមនស្សរីករាយ ដែលដំណើរការចរចាលើកិច្ចព្រមព្រៀង Cambodia-UAE CEPA បានឈានដល់ការចរចាជុំទី៣ បន្ទាប់ពីភាគីទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងការចរចាជុំទី១ នៅអាប៊ុយដាប៊ី និងជុំទី២ នៅភ្នំពេញកន្លងទៅ។

ភាគីទាំងពីរគ្រោងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ឱ្យបានត្រឹមជុំទី៣នេះ និងឈានដល់ការប្រកាសបិទបញ្ចប់ការចរចាជាផ្លូវការនាពេលឆាប់ៗ ខាងមុខ។ ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀង Cambodia-UAE CEPA នេះនឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

បើតាមអនុរដ្ឋមន្រ្តីលោក ជូម៉ា អាល់ កាត (Juma AI Kait)  បានកត់សម្គាល់នូវសញ្ញាណជាវិជ្ជមានក្នុងពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៤០០ លានដុលា្លរអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២១ និងរំពឹងថាកិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់កើនតែប្រសើរថែមទៀត។

គួរបញ្ជាក់ថា បើផ្អែកតាមវឌ្ឍនភាពការងារ ដែលសម្រេចបានចាប់តាំងពីការចរចាជុំទី២មក ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀង CAM-UAE CEPA អាចនឹងបញ្ចប់ទាំងស្រុងក្នុងការចរចាជុំទី៣នេះ រីឯការចរចាលើការបើកច្រកទីផ្សារនឹងអាចបញ្ចប់ ក្នុងអំឡុងអន្តរកិច្ចប្រជុំខាងមុខ ដែលអាចឱ្យភាគីទាំងពីរប្រកាសបញ្ចប់ការចរចា នាពេលខាងមុខ៕

×