Monday, October 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន ក្ដៅស្លឹកត្រចៀកនឹងបៃដិន ទៅកាន់អ៊ុយក្រែន ប្ដេជ្ញាធ្វើសង្គ្រាមបន្ដទៀត

រដ្ឋធានីកៀវ៖ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទៅកាន់រដ្ឋធានីកៀវ នោះ កំពុងតែបញ្ឆេះកំហឹង ដល់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ឲ្យកាន់តែផ្ទុះខ្លាំងឡើង ហើយប្ដេជ្ញាធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បន្ដទៀត។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ បានប្ដេជ្ញា បន្ដធ្វើសង្គ្រាម រយៈពេលយូរ នៅក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី បានចោទប្រកាន់ដល់សម្ពន្ធមិត្តរបស់អង្គការណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក កំពុងតែអុជបញ្ឆេះជម្លោះនេះ នៅក្នុងជំនឿខុស ថា លោកខាងលិច អាចនឹងយកជ័យជម្នះ លើក្រុងម៉ូស្គូ នៅក្នុងការប្រឈមមុខដាក់គ្នា ជាសកល។

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានប្រាប់ដល់ឥស្សរជននយោបាយ និង ក្រុមមន្រ្ដីយោធារបស់រុស្ស៊ី ថា រុស្ស៊ី នឹងដោះស្រាយ ដោយការប្រុងប្រយ័ត្ន និង ជាប់លាប់នូវកិច្ចការប្រឈមមុខជាមួយនឹងយើង។ រុស្ស៊ី កំពុងតែធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន សម្រាប់ការបញ្ចៀសសង្គ្រាម។ ប៉ុន្តែអ៊ុយក្រែន គាំទ្រដោយលោកខាងលិច គ្រោងនឹងវាយប្រហារតំបន់គ្រីមៀ (Crimea) គ្រប់គ្រងដោយរុស្ស៊ី ដែលត្រូវបានដាក់បញ្ចូល ជាឧបសម្ព័ន្ធរបស់រុស្ស៊ី នៅក្នុងឆ្នាំ២០១៤។

លោកប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ ថា «លោកខាងលិច បានអនុញ្ញាតឱ្យមនុស្សពូកែ ចេញពីដប នៅក្នុងតំបន់ជាច្រើនរបស់ពិភពលោក ដោយការសាបព្រោះនូវភាពវឹកវរ និង សង្រ្គាម។ ចំណែកប្រជាជនអ៊ុយក្រែន កំពុងតែក្លាយជាចំណាប់ខ្មាំងរបស់របបក្រុងកៀវ (Kyiv) និង មេដឹកនាំលោកខាងលិច ដែលបានកាន់កាប់ប្រទេសនេះ ប្រកបដោយប្រសិទ្ធភាព នៅក្នុងន័យនយោបាយ យោធា និង សេដ្ឋកិច្ច»។

មេដឹកនាំវ័យ ៧០ឆ្នាំ រូបនេះ បានបន្ថែម ថា «បណ្ដាប្រទេសបស្ចិមលោក មានគោលបំណងបកប្រែជម្លោះនៅក្នុងតំបន់ ឲ្យក្លាយទៅជាការប្រឈមមុខដាក់គ្នាជាសាកល ប៉ុន្ដែយើងយល់ អំពីបញ្ហាទាំងនេះហើយ, បើតាមវិធីសាស្រ្ដនេះ យើងនឹងបញ្ចេញប្រតិកម្មទៅតាមនោះ។ ចំណែកការយកឈ្នះលើរុស្ស៊ី មិនអាចទៅរួចនោះឡើយ, រុស្ស៊ី នឹងមិនផ្តល់ផលប្រយោជន៍ណាមួយ ចំពោះការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីបែងចែកសង្គមរបស់រុស្ស៊ីនោះទេ ហើយប្រជាជនរុស្ស៊ី ភាគច្រើនបានគាំទ្រនូវសង្គ្រាមនេះ»។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ជម្លោះនៅអ៊ុយក្រែន កំពុងតែក្លាយជាការប្រជែងគ្នាដ៏ធំបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំង ចាប់តាំងពីការដួលរលំសហភាពសូវៀត នាអំឡុងឆ្នាំ១៩៩១មក។ ប៉ុន្ដែសម្រាប់មេដឹកនាំមហាអំណាចលោកខាងលិច មានដូចជា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក និង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង… ជាដើម បានអះអាង ថា ពូទីន នឹងចាញ់ នៅក្នុងសង្គ្រាមនេះ។

ប្រតិកម្មខ្លាំងៗរបស់លោក ពូទីន បានកើតឡើង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ក្រុងកៀវ កាលពីថ្ងៃចន្ទ ហើយថ្លែង ថា ពូទីន នឹងចាញ់សង្គ្រាមនេះ ហើយលោកខាងលិច និង ពិភពលោក នៅតែបន្ដឈរនៅជាមួយនឹងអ៊ុយក្រែន រហូតដល់ឈ្នះសង្គ្រាម។

ថ្វីបើកម្លាំងទាហានរុស្ស៊ី នៅតែបន្ដគ្រប់គ្រងតំបន់ចំនួន៥របស់ប្រទេសអ៊ុយក្រែន រួមមាន គ្រីមៀ (Crimea) ខឺរសុន (Kherson) ហ្សាប៉ូរីហ្សា (Zaporizhia) លូហានស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) យ៉ាងណាក្ដី ប៉ុន្ដែរុស្ស៊ី បានបាត់បង់កងទ័ពយ៉ាងច្រើន ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ដោយឡែក បណ្ដាប្រទេសលោកខាងលិច និង អ៊ុយក្រែន បានបដិសេធនូវរឿងនិទាន ហើយអះអាង ការពង្រីកខ្លួនរបស់អង្គការណាតូ ទៅទិសខាងកើត មិនមែនជាហេតុផល សម្រាប់អ្វីដែលពួកគេត្រូវនិយាយ ថា ជាការដណ្តើមយកទឹកដី តាមបែបចក្រពត្តិ នឹងត្រូវទទួលបរាជ័យនោះឡើយ។ ដោយឡែក ការកេណ្ឌប្រជាជនរុស្ស៊ី មកធ្វើទ័ព តាមបញ្ជារបស់លោក ពូទីន នាំមកច្បាំង នៅលើទឹកដីរបស់អ៊ុយក្រែន ជំរុញឲ្យមនុស្សក្មេងៗ រាប់ម៉ឺននាក់ រត់ចេញពីប្រទេសរុស្ស៊ី ព្រោះតែពួកគេមើល មិនឃើញអំពីអនាគតល្អរបស់ពួកគេ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×