ភ្នំពេញ៖ បើយោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ការនាំចេញទំនិញសំខាន់របស់កម្ពុជាទៅកាន់ប្រទេសថៃ កើនឡើង ២២,៨ភាគរយ គិតជាទឹកប្រាក់ ១០៧ លាន និងនាំចេញទៅវៀតណាម កើនឡើង ១០,៧ភាគរយ គិតជាទឹកប្រាក់ ១៧២ លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅមានការកើនឡើង។

ប្រទេសវៀតណាម គឺជាទីផ្សារធំទីពីររបស់កម្ពុជា ដោយក្នុងខែមករា ឆ្នាំ២០២៣នេះ បានកើនឡើង ១១ភាគរយ និងថៃជាទីផ្សារធំទី៣ ជប៉ុនទី៤ និងចិនឈរលំដាប់ទី ៥។

អាមេរិកនៅតែទីផ្សារធំសម្រាប់កម្ពុជា បើទោះបីជា មានការធ្លាក់ចុះក៏ដោយ។ ចំណែកឯការនាំចេញទៅប្រទេសចិនធ្លាក់ចុះមក ២២,២ ភាគរយគិតជាទឹកប្រាក់ ៨១ លានដុល្លារ និងត្រឹម ២៣ ភាគរយទៅកាន់សហរដ្ឋអាមេរិកគិតជាទឹកប្រាក់ ៥៦២ លានដុល្លារក្នុងរយៈពេលដូចគ្នា។

ការនាំចេញរបស់កម្ពុជាទៅកាន់ជប៉ុនមានកំណើន ៦,៨ ភាគរយគិតជាទឹកប្រាក់ ១០៤ លានដុល្លារក្នុងខែមករា ឆ្នាំ ២០២៣ ពី ៩៨លានក្នុងខែមករា ឆ្នាំ ២០២២។ ទីផ្សារមួយទៀតដែលបង្ហាញថាល្អ ក្នុងខែមករា គឺប្រទេសអូស្ត្រាលី ដែលបាននាំចេញទំនិញមានតម្លៃ ៣២ លានដុល្លារ បើធៀបនឹង ៣០លានដុល្លារ ក្នុងខែមករាឆ្នាំ ២០២២ ដែលបង្ហាញពីកំណើន ៧,១ ភាគរយក្នុងរយៈពេលនេះ។

កៅស៊ូគឺជាទីផ្សារធំសម្រាប់វិស័យកសិកម្មរបស់កម្ពុជា ដែលនាំចេញទៅប្រទេសវៀតណាម ខណៈការនាំចេញសំខាន់របស់កម្ពុជាទៅថៃ រួមមាន សំលៀកបំពាក់ ផលិតផលកសិកម្ម ត្បូង វត្ថុធាតុដើម និងការនាំចូលមកវិញមាន ត្រី សាច់ បន្លែ រថយន្ត ផលិតផលសរីរាង្គ និង គ្រឿងសំណង់ជាដើម៕
