ភ្នំពេញ ៖ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានផ្ដល់អំណោយជា មជ្ឈមណ្ឌលព័ត៌មានវិទ្យា ជូនដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស) និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបង្កើនចំណេះជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល ក៏ដូចជាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាអេឡិចត្រូនិចជាច្រើនទៀត ដល់និស្សិតជាព្រះសង្ឃ គ្រហស្គ និងបុគ្គលិកសិក្សាទាំងអស់ ដើរឱ្យទាន់សម័យកាលសង្គមឌីជីថល។

ការដាក់សម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស) នេះ ធ្វើឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ទេវី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀក ព្រះសាកលវិទ្យាការរងទទួលបន្ទុក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

ថ្លែងអំណរគុណឯកអគ្គរដ្ឋទូតឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការល្អ, ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀក មានថេរៈដីកាថា មជ្ឈមណ្ឌលព័ត៌មានវិទ្យាជាអំណោយរបស់ឥណ្ឌាជូនកម្ពុជានេះ ពិតជាផ្ដល់សារៈសំខាន់ណាស់ដល់និស្សិតជាព្រះសង្ឃ គ្រហស្គ និងបុគ្គលិកទាំងអស់ ទទួលបានចំណេះដឹងបន្ថែមលើបច្ចេកវិទ្យា ព្រោះថា និស្សិតគ្រប់រូបមិនមែនគ្រាន់តែរៀនមុខវិជ្ជាដែលខ្លួនចង់រៀននោះទេ តែក៏ត្រូវការជំនាញបន្ថែម ជំនាញរួមផ្សំ និងត្រូវចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រផងដែរ ព្រោះសម័យបច្ចេកវិទ្យាឌីជីថល ការប្រើប្រាស់កុំព្យូទ័រវាមានសារ:សំខាន់ណាស់ ក្នុងការប្រើប្រាស់លើការសិក្សាស្រាវជ្រាវ និងបម្រើការងារក្នុងក្រសួងស្ថាប័ននានា។

លោកស្រីបណ្ឌិត ទេវី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា ជាការពិតណាស់កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីដើម រហូតដល់បច្ចុប្បន្ន តាមរយៈព្រះពុទ្ធសាសនា និងមានកត្តាជាច្រើនទៀត ដែលពង្រឹងទំនាក់ទំនងនេះកាន់តែស្និតស្នាលល្អប្រសើរជាលំដាប់។ ការប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានវិទ្យាក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះ ពិតជាធ្វើឲ្យមានការពង្រឹងពង្រីកបន្ថែមលើវិស័យអប់រំពីបច្ចេកវិទ្យាថ្មីៗ ដល់សិស្សនិស្សិត និងសមណនិស្សិ, ស្ថានទូតឥណ្ឌា ពិតជាចង់ឃើញការរីកចម្រើនបន្ថែមទៀតរបស់កម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



















