រដ្ឋធានីកៀវ៖ ស្របពេល រុស្ស៊ី កំពុងតែបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងចិន ធ្វើឲ្យបណ្ដាប្រទេសមហាអំណាចលោកខាងលិច ប្ដេជ្ញាជួយគាំទ្រយ៉ាងពេញទំហឹង ជួយដល់អ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានជួបជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និង មេដឹកនាំអឺរ៉ុប នៅក្នុងរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ ជាមួយនឹងការប្ដេជ្ញាចិត្តរបស់សម្ពន្ធមិត្ត ដើម្បីបង្កើនកម្លាំងការពារ ចាប់តាំងពីតំបន់សមុទ្របាល់ទុក រហូតដល់សមុទ្រខ្មៅ ស្របពេលរុស្ស៊ី ស្វែងរកចំណងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ជាមួយនឹងប្រទេសចិន។

ឥឡូវនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានចាកចេញពីរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ បានទៅចូលរួមប្រជុំ ជាមួយនឹងលោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ និង មេដឹកនាំ បណ្ដាប្រទេសអឺរ៉ុបខាងកើត នៅក្នុងគោលបំណង ជួយគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ (Kyiv) ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យកងទ័ពរបស់គាត់ បើកទ្វារព្រំដែន វាយលុកចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។
ជាមួយគ្នានេះ មេដឹកនាំ ប្រទេសប៊ូលហ្ការី សាធារណរដ្ឋឆែក អេស្ដូនី ហុងគ្រី ឡាតវី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី និង ស្លូវ៉ាគី បានចូលរួម នៅក្នុងកិច្ចពិភាក្សា ចំពេលមានការព្រួយបារម្ភពាសពេញប្រទេសរបស់ពួកគេ ដែលថា ជម្លោះនៅអ៊ុយក្រែន អាចនឹងហៀរចូលមកដល់ប្រទេសរបស់ពួកគេ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រោយកិច្ចប្រជុំនោះ មេដឹកនាំទាំងនេះបានប្ដេជ្ញាថា ពួកគេនឹងពង្រឹងដល់ការរារាំង និងមានគោលជំហរបង្កើនការការពារបន្ថែមទៀត នៅទូទាំងតំបន់អឺរ៉ុបខាងកើត ចាប់ពីតំបន់សមុទ្របាល់ទិក រហូតដល់សមុទ្រខ្មៅ។ ជាមួយគ្នានេះ លោកប្រមុខអង្គការណាតូ បានជំរុញឲ្យបណ្ដាប្រទេសសម្ពន្ធមិត្ត ត្រូវបោះជំហានទៅមុខ បង្កើននូវការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដោយគាត់បានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នា មិនអាចអនុញ្ញាតឲ្យរុស្ស៊ី បន្ដបំផ្លាញសន្ដិសុខនៅក្នុងតំបន់អឺរ៉ុបនោះឡើយ»។
ស្របគ្នានេះ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានជួបប្រជុំគ្នា កាលពីថ្ងៃពុធ ជាមួយនឹងក្រុងកៀវ និង សម្ពន្ធមិត្ត ដោយសង្ឃឹម ថា នឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ សម្រាប់ដំណោះស្រាយ ដែលអំពាវនាវឱ្យមាន «សន្តិភាពយ៉ាងត្រឹមត្រូវ និង យូរអង្វែង»។

ដោយឡែក នៅក្នុងរដ្ឋធានីមូស្គូ ឯណោះវិញ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងការជួបជុំរបស់អ្នកស្នេហាជាតិ ដោយប្រាប់ហ្វូងមនុស្សរាប់ម៉ឺននាក់ ថា រុស្ស៊ី កំពុងតែប្រយុទ្ធ «ដើម្បីទឹកដីប្រវត្តិសាស្ត្ររបស់យើង ដើម្បីប្រជាជនរបស់យើង»។
នៅមុននេះ លោក ពូទីន បានជួបពិភាក្សាជាមួយមន្ត្រីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីមូស្គូ ក្រោយពេលក្រុងវ៉ាស៊ីនតោន និង អង្គការណាតូ បានសម្តែងនូវការព្រួយបារម្ភ ថា ចិន អាចនឹងរៀបចំនូវការផ្គត់ផ្គង់គ្រឿងសព្វាវុធ ជួយដល់រុស្ស៊ី។ ប៉ុន្ដែសម្រាប់លោក វ៉ាង យី បានបញ្ជាក់ ថា «យើងនឹងមិនត្រូវការនូវការគ្របដណ្ដប់ដោយការគំរាមកំហែង និង សម្ពាធពីភាគីទី៣នោះឡើយ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN






