ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរេដ្ឋ កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ។

ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៤ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣ នេះ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ” សម្តេចតេជោ បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានក្តីសោមនស្ស រីករាយក្រៃលែង សូមថ្លែង នូវសារលិខិតដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់រង ផលប៉ះពាល់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។

សង្គ្រាមបានបន្សល់នូវមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ រាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ដែលមិន ធ្លាប់កើតមានពីមុនមក និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។

រយៈពេល ៣០ឆ្នាំនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២ មក ផ្ទៃដីទំហំ ២៥៥៤ គីឡូម៉ែត្រការ៉េ ត្រូវបាន បោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៧ភាគរយ និងផ្សេងៗ ២២ភាគរយ រួមមាន៖ ការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១០ ០៣១ ៦៦៤ នាក់។ ម៉ឺនប្រឆាំងមនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៣ ០៣៤ ៧២៧ គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ដោយឡែកនៅក្នុងឆ្នាំ២០២២ កន្លងទៅ បានបោសសម្អាតផ្ទៃដីចំនួន ២៥០ គីឡូម៉ែត្រការ៉េ សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះ បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្ស ចំនួន ៣៦ ៦០៩ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន១៨៣គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៥៥ ៨០៣ គ្រាប់។

ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។

មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើវិស័យសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យ ដ៏ត្រចះត្រចង់ទាំងនេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការ ឈានទៅសម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីអាចធានាបាន នូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង។

បើតាមសម្តេចតេជោ នាយករដ្ឋមន្រ្តី , បានសម្រេចបង្កើតគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន ក្រោម មូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសប្បុរសជននានា យ៉ាងផុលផុស ស្របគ្នានេះដែររាជរដ្ឋាភិបាលក៏បានបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដោយសម្រេច ផ្តល់ថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ពីឆ្នាំ២០២៣ ដល់២០២៥ ក្នុងការដោះស្រាយបញ្ហា គ្រាប់មីន ដើម្បីរំដោះផ្ទៃដី និងផ្ដល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូន្យជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផលប៉ះពាល់ដោយមីនឱ្យអស់ពីទឹកដីកម្ពុជា តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្ដើមធ្វើការបោសសម្អាតមីនឱ្យអស់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅ ស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។

កាលពីឆ្នាំ២០២២ កន្លងទៅនេះ យើងបានប្រកាសរាជធានី ខេត្តចំនួន៦ ជារាជធានី ខេត្តអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ដោយឡែកនៅឆ្នាំ២០២៣នេះ គ្រោងប្រកាសខេត្តអស់ម៉ឺនចំនួន១២បន្ថែមទៀត គឺ ខេត្តកំពង់ចាម ខេត្ត ស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងត្រូវប្រកាសជាខេត្តអស់មីន។ ក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន៧ ខេត្ត ត្រូវប្រកាសថាអស់មីន ហើយបានដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ ត្រឹមឆ្នាំ២០២៥ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ទោះបីជាកម្ពុជា ជាប្រទេសមួយដែលបានឆ្លងកាត់និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរដែលបង្កឱ្យប្រជាជន ស្លូតត្រង់ស្លាប់ របួស និងពិការរាប់ពាន់នាក់ ក៏កម្ពុជាក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ គិតពី ឆ្នាំ២០០៦មក បានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួនដើម្បីចូលរួមចំណែកសម្រាលទុក្ខជូន ដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជា ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាង ម៉ាលី និងអាហ្វ្រិកកណ្ដាល ជាសមិទ្ធផលកម្ពុជា ទទួលបានស្នាដៃដ៏ធំធេងជាច្រើនដូចជាការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ ផ្តេក-បញ្ឈរ ក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់។ ជាមួយគ្នានេះ នៅឆ្នាំ២០២២ កម្ពុជាបន្តទទួល បានលំដាប់លេខរៀងទី២ ក្នុងការបរិច្ចាគកម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀង ទី១២ ក្នុងចំណោម១២០ប្រទេសដែលបានបរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សម្តេចនាយករដ្ឋមន្រ្តី សូមរំលឹកផងដែរថា រយៈពេលជាង ១៦ ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៨ ៦៦០នាក់ ក្នុងនោះមាននារីចំនួន៦៤៧នាក់ បានបំពេញបេសកកម្ម ហើយទាហានមួកខៀវទាំងនោះ បានក្លាយជាគ្រួសារ មួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្ដល់នូវស្ថិរភាពមួយផ្នែកក្នុង ពិភពលោក។ បច្ចុប្បន្ន កម្លាំងកម្ពុជាចំនួន ៧៨៧ ក្នុងនោះនារីចំនួន ១២៤នាក់ កំពុងបំពេញបេសកកម្មនៅ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកណ្ដាល។

ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ សម្តេចតេជោ ឆ្លៀតយកឱកាសនេះ សម្តែង នូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ សប្បុរសជន ប្រតិបត្តិករជាតិ និងអន្តរជាតិ ជាពិសេសប្អូនៗ ក្មួយៗ ជាអ្នកដោះមីន ដែលបានខិតខំចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានចាត់ទុកវិស័យបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ជនរងគ្រោះ ផ្ដល់ដីសុខសុវត្ថិភាព ជំរុញការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅ កម្ពុជា។

ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៦៤៨គីឡូម៉ែត្រការ៉េ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១៣២៧គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន “កម្ពុជាមួយគ្មាន មីនឆ្នាំ២០២៥» ហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅ កម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ប្រព្រឹត្តទៅដោយសុវត្ថិភាព។ ជាមួយ គ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតែជាកិច្ចការដ៏ចាំបាច់មួយក្នុងការ កាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន នៅតាមសហគមន៍ដែលយើង ត្រូវតែយកចិត្តទុកដាក់។

ក្នុងឱកាសប្រារព្ធខួបលើកទី២៤នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវ ដូចតទៅ៖

១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលា នៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយទូលាយតាមវិទ្យុ ទូរទស្សន៍ បណ្ដាញសង្គមផ្ទាំងប៉ាណូ និងខិត្តប័ណ្ណ។

២៖ អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរងផលប៉ះពាល់និងឥរិយាបថរបស់ជនងាយរងគ្រោះ។

៣៖ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារគ្រឿងផ្ទុះទាំងនេះ។

៤៖ អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍគួរបន្តស្រាវជ្រាវវិធីសាស្តកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ“កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមអនុវត្តដូចខាងក្រោម៖

បើបងប្អូនកូនក្មួយឃើញមីន ឬគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កុំដំ កុំដុត កុំកែច្នៃ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាត មីន ដែលនៅជិតបំផុតដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល

កុំប៉ះពាល់វត្ថុដែលសង្ស័យថាជាមីន ឬគ្រាប់មិនទាន់ផ្ទុះ

ហាមទិញ លក់ រក្សាទុក កែច្នៃមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលជាអំពើខុសច្បាប់

កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះ។ ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន មុនចូលក្នុងតំបន់សង្ស័យទាំងនោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម