Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ បោះឆ្នោតលើដំណោះស្រាយសន្ដិភាព នៅអ៊ុយក្រែន

បុរីញូវយ៉ក៖ នៅក្នុងខួបគម្រប់១ឆ្នាំ នៃការលុកលុយរបស់ទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះ អង្គការសហប្រជាជាតិ បានបោះឆ្នោតលើដំណោះស្រាយស្វែងរកសន្ដិភាព សម្រាប់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ដំណោះស្រាយ មានចំណងជើង ថា «គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ អំពីសន្តិភាពយ៉ាងទូលំទូលាយ និង យុត្តិធម៌ដ៏យូរអង្វែង នៅអ៊ុយក្រែន ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំពិសេសជាបន្ទាន់របស់មហាសន្និបាត អង្គការសហប្រជាជាតិ។ ដំណោះស្រាយនោះ បានបោះឆ្នោតគាំទ្រ ចំនួន១៤១ប្រទេស ប្រឆាំងចំនួន៧ប្រទេស និង អនុបវាទ ចំនួន៣២ប្រទេស។ ចំណែកប្រទេសដែលបានបោះឆ្នោតប្រឆាំង រួមមាន រុស្ស៊ី បេឡារុស កូរ៉េខាងជើង អេរុទ្រា (Eritrea) ម៉ាលី នីការីហ្គ័រ (Nicaragua) និង ស៊ីរី។

ដំណោះស្រាយ១១ចំណុច បានគូសបញ្ជាក់ អំពីតម្រូវការជំរុញឱ្យបានឆាប់ តាមអ្វីដែលអាចធ្វើទៅបាន សម្រាប់សន្តិភាព និង យុត្តិធម៌ដ៏យូរអង្វែង នៅប្រទេសអ៊ុយក្រែន ស្របតាមគោលការណ៍ធម្មនុញ្ញ អង្គការសហប្រជាជាតិ។ ដំណោះស្រាយនេះ បានអំពាវនាវឱ្យរដ្ឋសមាជិក និង អង្គការអន្តរជាតិនានា បង្កើននូវគាំទ្រឡើងវិញ ឲ្យសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងការទូត។

ដំណោះស្រាយឯកសារនេះ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនឡើងវិញ ចំពោះអធិបតេយ្យភាព ឯករាជភាព ឯកភាព និង បូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន នៅក្នុងព្រំដែន ដែលទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ហើយបង្ហាញនូវការទាមទាររបស់ខ្លួនឡើងវិញ អំពីអ្វីដែលសហព័ន្ធន៍រុស្ស៊ី បានរំលោភលើដែនអធិបតេយ្យភាព និង ទាមទារឲ្យដកកងទ័ព ចេញពីដែនដីរបស់អ៊ុយក្រែន។

មហាសន្និបាត អំពាវនាវឱ្យមានការដោះដូរឈ្លើយសឹកសង្គ្រាម ការដោះលែងអ្នកដែលត្រូវចាប់ឃុំខ្លួន ដោយខុសច្បាប់ទាំងអស់ និង ការវិលត្រឡប់ សម្រាប់អ្នកបម្រើការងារទាំងអស់ ហើយជនស៊ីវិល ត្រូវបានផ្ទេរ ឬ និរទេសដោយបង្ខំ រួមទាំងកុមារផងដែរ។ លើសពីនេះ ដំណោះស្រាយនេះ អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន និង ការវាយប្រហារដោយចេតនាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងលំនៅឋាន សាលារៀន និង មន្ទីរពេទ្យ។

លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេស បានថ្លែងថា ដំណោះស្រាយមហាសន្ដិបាតរបស់អង្គការ ស្ដីពីសន្ដិភាព នៅក្នុងប្រទេសអ៊ុយក្រែន បង្ហាញ អំពីចំណុចសំខាន់ៗ សម្រាប់រូបមន្ដសន្ដិភាព ត្រូវបានដាក់ចេញ ដោយប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zelenskyy)។

សង្គ្រាមលុកលុយរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើជនស៊ីវិល និង កងទ័ពទាំងសងខាង បាត់បង់ជីវិត អស់រាប់ម៉ឺននាក់ ហើយខូចខាត អស់រាប់រយលានពាន់លានដុល្លារសហរដ្ឋអាមេរិក។ បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឲ្យដឹង ថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់កងទ័ព ចំនួន ១៤៥ ០៦០នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN

×