ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនក្រុមមន្ត្រីថ្នាក់ដឹកនាំខំប្រឹងរៀនជំនាញផ្សេងៗ ជាពិសេសបច្ចេកវិទ្យា មិនដូច្នោះទេដើរថយក្រោយហើយ

ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជាង៧ពាន់នាក់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងទៅកាន់ក្រុមមន្ត្រីថា ការមិនព្រមរៀន និងមិនព្រមស្វែងយល់ពីជំនាញផ្សេងៗ ជាពិសេសជំនាញបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ រាំងស្ទះរបៀបធ្វើការ ឬក៏ឆ្លយតបមិនលឿន ដោយសារតែថ្នាក់ដឹកនាំស្ថាប័នមិនចេះជំនាញមួយនោះ ហើយមិនហ៊ានសួរកូនចៅ ខ្លាចកូនចៅថា អន់ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍វិវឌ្ឍន៍លឿនណាស់ ការនៅទ្រឹងណាមួយ វាស្មើនឹងមានចរិតថយក្រោយ, ដែលចំណុចនេះ គឺជាការរំឮកទៅកាន់រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអភិបាលខេត្ត ឱ្យខិតខំរៀនសូត្របន្ថែម ដោយកាត់ចោលនូវភាពខ្មាសអៀន ក្នុងការសាកសួរទៅមន្ត្រីថ្នាក់ក្រោម នៅពេលដែលខ្លួនមិនចេះ ជាពិសេសជំនាញបច្ចេកវិទ្យា។

សម័យនេះហើយ មិនចាំបាច់ស្ពាយសៀវភៅ ជាច្រើនទៅទេ ក្នុងទូរស័ព្ទដៃ ក្នុង Ipad និងក្នុងកុំព្យូទ័រ មានផ្ទុកមេរៀន និងឯកសារច្រើនណាស់សម្រាប់សិក្សាស្វែងយល់, ជាក់ស្ដែង ក្នុងទូរស័ព្ទដៃ និងក្នុង Ipad របស់សម្តេចមានសៀវភៅជាង៦០ក្បាល បើចង់អានសៀវភៅណា គឺបើកទៅមើលកន្លែងហ្នឹង ហើយជួនកាលមានតម្រូវការកែឯកសារខ្លះ បន្ថែមពីនេះ គ្រាន់តែធ្វើដំណើរពីភ្នំពេញ ហោះឆ្ពោះចេញទៅដល់សហរដ្ឋអាមេរិក សម្តេចបានកែឯកសារច្រើនណាស់ ដើម្បីឱ្យត្រឹមត្រូវតាមអ្វីដែលយើងចង់បាន រួចហើយចូលរោងពុម្ព។

សម្តេចតេជោ ហ៊ុន សែន បានគោះបញ្ជាក់ថា សម័យបច្ចេកវិទ្យានេះ គឺទាមទារឱ្យយើងធ្វើការវាយតម្លៃ សិក្សាពីសភាពការណ៍ពិភពលោកដែលកំពុងកើតឡើង, ការរៀនសូត្រគ្មានថ្ងៃបញ្ចប់នោះទេ ហើយក៏មិនតម្រូវតែលើកុមារ យុវជន និងនិស្សិតនោះដែរ តែគឺរាប់បញ្ចូលទាំងមន្ត្រីជាន់ខ្ពស់ផងដែរ។

ការសិក្សា និងស្វែងយល់នេះ គឺចាប់ផ្តើមឡើងធ្វើរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត ឬអភិបាលរងខេត្ត អស់ទៅ… ស្រាប់តែពួកគេលែងរវល់នឹងការសិក្សាស្វែងយល់ពីជំនាញ ចំណេះដឹង ចំណេះធ្វើទៅវិញ ហើយក៏មិនហ៊ានសួរកូនចៅ ឬថ្នាក់ក្រោមទៅទៀត ដោយសារខ្លាចខ្មាស់អៀន ព្រោះសួរគេទៅ ខ្លាចគេថា ” អន់ ” ។ អ៊ីចឹងមនុស្សហ្នឹងនៅតែអត់ចេះរហូត ទោះឆ្លងកាត់ខ្លួនធ្វើរដ្ឋមន្ត្រីហើយក៏ដោយ បើអត់មានការចេះដឹងបន្ថែម ដោយសារតែខ្លួនខ្លាច ខ្មាសអៀនទៅនឹងការសួរមន្ត្រីថ្នាក់ក្រោម គឺពិតជាពិបាកណាស់, រឿងនេះសូម្បីតែ សម្តេចផ្ទាល់ ក៏ត្រូវតែរៀនបន្ថែមផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម