ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្ថែមតំណែងជាថ្នាក់ដឹកនាំដល់ស្ត្រី និងបន្តផ្ទេរអំណាចទៅថ្នាក់មូលដ្ឋាន រាប់ទាំងហិរញ្ញវត្ថុ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំរដ្ឋមន្ដ្រីតាមបណ្ដាក្រសួង និងថ្នាក់ដឹកនាំតាមបណ្ដាស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនចំនួនស្ដ្រីនៅពេលតែងតាំងមុខតំណែង ខណ:ជំរុញឱ្យបន្តផ្ទេរអំណាចទៅឱ្យថ្នាក់មូលដ្ឋាន ដោយរាប់ទាំងបញ្ហាហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ណែនាំ និងជំរុញបែបនេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣, ដោយសម្ដេចតេជោ មើលឃើញថា បច្ចុប្បន្ន ចំនួនស្ដ្រីដែលមានតួនាទីជាថ្នាក់ដឹកនាំ នៅតាមបណ្ដាអង្គភាព ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់មានចំនួនតិចនៅឡើយ មិនទាន់សមស្របតាមស្ថានភាពជាក់ស្ដែងនោះទេ ដូច្នេះត្រូវពិនិត្យដាក់បន្ថែម។

ការស្នើសុំតែងតាំងនូវមុខតំណែងថ្មីសម្រាប់ស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក គឺដោយសារពេលនេះ យើងពិនិត្យឃើញមានស្ដ្រីតិចពេកហើយ នេះជាបញ្ហាដែលខ្ញុំសុំរំលឹក, ខ្ញុំសូមផ្ដាំផ្ញើ មិនទាន់ហួសពេលទេ នៅពេលខាងមុខ ត្រូវយកចិត្តទុកដាក់បន្ថែមលើមុខងារតួនាទីស្ត្រីជាថ្នាក់ដឹកនាំ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ពាក់ព័ន្ធបញ្ហានេះ ទាំងរូបសម្ដេចផ្ទាល់ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បបានផ្ដល់អំណាចដល់មូលដ្ឋានជាអ្នកជ្រើសរើសតាមរយៈគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ប៉ុន្ដែសំណើស្នើពីមូលដ្ឋានមក មិនបានឆ្លុះបញ្ចាំងអំពីតម្រូវការបញ្ហាយេនឌ័រនោះទេ។

អ៊ីចឹងទេ, ការដាក់បន្ថែមតួនាទីស្ត្រីជាថ្នាក់ដឹកនាំ គួរជ្រើសរើសចេញពីគ្រូបង្រៀន ឬសាស្ដ្រាចារ្យ អភិបាលរងខេត្ត ឬអភិបាលរងស្រុកបាន។ ដោយឡែក សម្រាប់ថ្នាក់ជាតិវិញ រដ្ឋមន្ដ្រីតាមក្រសួងនីមួយៗ ត្រូវស្នើមកខ្ញុំ, ហើយមានពេលខ្លះ ខ្ញុំក៏រុញបញ្ចូលស្ដ្រីដោយខ្លួនឯងទៀតផង។

ទាក់ទងនឹងការផ្ទេរអំណាចទៅថ្នាក់មូលដ្ឋានវិញ គឺក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំប្រឹងប្រែងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាឱ្យដំណើរការកែទម្រង់នេះសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងនោះត្រូវពិនិត្យឡើងវិញ នូវគោលនយោបាយ ក្របខ័ណ្ឌច្បាប់ យន្តការ វិធានការ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញកន្លងមក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម