ភ្នំពេញ ៖ ក្រោយពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ:០៨ សសរ ចុះថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ ស្តីពីការបង្កើតគណ:កម្មការ អន្តរក្រសួងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីគារគ្រប់គ្រងទំនិញគ្រោះថ្នាក់ រួចមក នៅព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំ លើកទី ២គណៈកម្មការអន្តរក្រសួង រៀបចំតាក់តែងសេច ក្តីព្រាងច្បាប់ស្តីពីគារគ្រប់គ្រងទំនិញគ្រោះថ្នាក់ក្រោមសហអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។

តាមរបៀបវីរ:នៃពិធី ក្រោយពីសហប្រធាន គឺឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ បានអញ្ជើញ មានប្រសាសន៍ បើកកិច្ចប្រជុំ ដោយលើកឡើងពីសារ: សំខាន់ និងការចាំបាច់ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ និងលើកឡើងពីសាវតាការរៀបចំសេចក្តីព្រាងច្បាប់ រួចមក អង្គពិធីបានបន្តរបៀបវារ: ដោយបានប្រកាស សមាសភាពគណ:កម្មការអន្តរក្រសួង រៀបចំតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់ គ្រងទំនិញគ្រោះថ្នាក់ ដែលត្រូវធ្វើបច្ចុប្បន្នភាពថ្មី ជំនួសដោយ គណ:កម្មការចាស់ដែលមានតាំងពីឆ្នាំ២០១៦ ។

អង្គប្រជុំបានពិភាក្សាលើរបៀបវីរ:ស្តីអំពីយន្ដការ នៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដែលក្នុងកិច្ចពិភាក្សានោះ សហប្រធាន ក៏ដូចជា សមាជិកនៃអង្គប្រជុំ បានឯកភាពយក សេចក្តីព្រាងច្បាប់ចាស់ដែលមានតាំងពីឆ្នាំ២០១៦ ហើយដែលបានពិភាក្សាយ៉ាងផុលផុសចំនួន១២លើក រួចហើយនោះ មកពិភាក្សាកែតម្រូវ ដកចេញ ឬ បំពេញបន្ថែម តាមសភាពការណ៍វិវឌ្ឍន៍ជាក់ស្តែង ដើម្បី ឲ្យច្បាប់នេះអាចលេចចេញជារូបរាងបានកាន់តែឆាប់រហ័ស ។

មានប្រសាសន៍បូកសរុប និងបិទអង្គប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំនាថ្ងៃនេះ ដែលទទួលបានឆន្ទៈរួមមួយ ដោយឈរលើមូលដ្ឋានថា ច្បាប់នេះមានទំនាក់ទំនងជាអន្តរក្រសួង មានយន្តការរួម ហើយតួនាទីភារកិច្ចនិងសមត្ថកិច្ចទទួលខុសត្រូវបស់ក្រសួង ស្ថាប័ននីមួយៗ នៅរក្សាដដែល ហើយនឹងខិតខំធ្វើឲ្យច្បាប់នេះ ធ្វើដំណើរ ទៅមុខឲ្យបានលឿនតាមដែលអាចធ្វើបាន ដោយត្រូវបង្កើតក្រុមលេខាធិការដ្ឋាន និងក្រុមការងារ បច្ចេកទេសអន្តរក្រសួង ក្នុងគោលដៅឲ្យសេចក្តីព្រាងច្បាប់នេះ មានសុគតភាព មិនមានខ្វែងនឹងច្បាប់ដ៏ទៃកុំឲ្យច្បាប់នេះក្លាយជាបន្ទុកខ្លាំងក្លាសម្រាប់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល លើកិច្ចសម្រួលពាណិជ្ជកម្ម ការងារធុរ:កិច្ច ការប្រកួតប្រជែង និងការទាក់ទាញ ការវិនិយោគជាដើម ។ ប៉ុន្តែ យើងត្រូវមានយន្តការគ្រប់គ្រងដោយប្រសិទ្ធិភាព កុំឲ្យការនាំចូលសារធាតុគីមី ក្នុងទិសដៅបម្រើឲ្យវិស័យឧស្សាហកម្ម សិប្បកម្ម ឬសុខាភិបាល ក្លាយជាមុខសញ្ញា នៃការបំប្លែងទៅជាគ្រឿងផ្សំសារធាតុញៀន បម្រើអំពើភេវរកម្ម ឬប៉ះពាល់ដល់សន្តិសុខជាតិ ឬបរិស្ថាន ជាដើម ។

សូមបញ្ជាក់ថា ក្នុងសេចក្តីព្រាងច្បាប់ចាស់ដែលមាន ០៨ ជំពូក និង៩២មាត្រា ក្នុងមាត្រាទី២ បានចែងថា៖ ច្បាប់នេះ មានគោលដៅកំណត់អំពី យន្តការ និងវិធានការសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ដែលអាចបង្កមហន្តរាយដល់មនុស្សសត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សង្គម និង/ឬ សកម្មភាពពាក់ព័ន្ធទាំងឡាយ ដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី











