ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរសៀលថ្ងៃសៅរ៍នេះបញ្ចេញសារនៅលើផេកផ្លូវការថា សព្វថ្ងៃក្មួយស៊ន ដារ៉ា ជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រីឬចង់មកបង្ក្រាបហ៊ុន សែនគឺរឿងយលសប្តិទាំងថ្ងៃ ហើយសម្តេចក៏បានផ្តាំទៅក្មួយស៊ន ដារ៉ាវិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៍មិនបានផងព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែលស៊ន ដារ៉ានិយាយ។ ក្នុងការនិយាយនោះស៊ន ដារ៉ាបានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូនស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់ការគាំទ្រកន្លងមក។
អ្វីដែលគួរឲ្យហួសចិត្តស៊ន ដារ៉ាបានលើកជាយោបល់បើកការចរចាជាមួយខ្ញុំដោយភ្ជាប់មកជាមួយលក្ខ័ខណ័្ឌ៤ក្នុងនោះ លក្ខ័ខណ្ឌ័ទីមួយគឺស៊ន ដារ៉ាត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនទើបស៊ន ដារ៉ាព្រមចូលរួមជាមួយគណបក្សប្រជាជន។
ស៊ន ដារ៉ាបាននិយាយថាគាត់ជាសត្វឥន្ទ្រីដែលពេលមុនគាត់ថាហ៊ុន ម៉ាណែតជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែបប្រមាថ។
គាត់បានបន្ថែមថាព្រហ្មលិខិតបានបង្កើតហ៊ុន សែនមកសម្រាប់បង្រ្កាបប៉ុល ពត ឯព្រះបានបង្កើតស៊ន ដារ៉ាមកដើម្បីបង្រ្កាបហ៊ុន សែន។
ពូសូមផ្តាំទៅក្មួយស៊ន ដារ៉ាវិញថាកុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៍មិនបានផងព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។
ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បីបង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូ អ្នកដែលបង្រ្កាបហ៊ុន សែនបានមកដល់ ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះ ខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។
ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយ ដែលខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយ ខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាបហ៊ុន សែនគឺរឿងយលសប្តិទាំងថ្ងៃ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី




