ភ្នំពេញ ៖ សម្តេចតេជោ បានមានប្រសាសន៍ថា នៅថ្ងៃអនាគត គឺចង់ឲ្យមានការកាត់បន្ថយ ទំហំប្រឡាយ នៅតាមវាស្រែទូទាំងប្រទេសដែលមិនចាំបាច់ ដើម្បីយកផ្ទៃដីមកប្រើប្រាស់ ឲ្យបានច្រើន ជាជាងទុកប្រឡាយ ដែលគ្មានប្រយោជន៍ទាំងនោះទុកចោល។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្តល់គោលនយោបាយទៅសាលារាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅតាមមាត់ច្រាំងប្រឡាយក្នុងទីក្រុងភ្នំពេញ ដូចជាប្រឡាយនៅស្ទឹងមានជ័យ ជាដើម គឺក្រោយពីអាជ្ញាធរ បានធ្វើប្រឡាយ និងចាក់ដីធ្វើគម្របលូ ឬគម្របប្រឡាយរួចរាល់ហើយ គឺបងប្អូនអាចរស់នៅបន្តលើទីតាំងនោះ ដោយស្របច្បាប់ ព្រោះបងប្អូនបានមករស់នៅទីនោះជាយូរមកហើយ បើឲ្យពួកគាត់ទៅនៅទីកន្លែងផ្សេង គឺពិតជាលំបាក ហើយក៏គ្មានដីសម្រាប់ពួកគាត់ដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ គឺជាការដោះស្រាយ ស្របតាមគោនយោបាយឈ្នះ-ឈ្នះ។
នៅព្រឹកថ្ងៃសុក្រទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្នក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប្រមាណ ៤០ឆ្នាំមកនេះបានក្លាយជាទីក្រុងពោរពេញដោយការអភិវឌ្ឍ និងរីកចម្រើន ខណៈដែលផ្ទៃដីបានរីកធំពីត្រឹម ៣០០គីឡូម៉ែត្រក្រឡា ដល់ទៅជាង៦០០គីឡូម៉ែត្រក្រឡា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នប្រឈមការកកស្ទះ៣យ៉ាងរួមមាន៖ កកស្ទះចរាចរ កកស្ទះលូនិងកកស្ទះទី៣ គឺកកស្ទះសំរាម ហើយពេលសម្តេច បានចូលមកដល់រាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ សង្ឃឹមថារាជធានីភ្នំពេញ មានការវិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ននេះ និងទាមទារឲ្យមានការគិតគូរ ដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលជាហេតុនាំឲ្យមានការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាបន្តបន្ទាប់ និងសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលនឹងត្រូវរងផលប៉ះពាល់ និងរំខានដោយសារដំណើរការ សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ។
សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអស់ ដែលរងការជន់លិចដោយសារទឹកភ្លៀង។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវទទួលស្គាល់ពីស្ថានភាពពិតរបស់រាជធានីភ្នំពេញ ហើយសម្តេចថ្លែងបែបនេះ ក៏មិនមែនជាការការពារអភិបាលរាជធានីភ្នំពេញនោះឡើយ។ ទឹកជំនន់នេះ ដោយសារទឹកភ្លៀងខ្លាំង ហើយសូម្បីតែទឹកទន្លេមេគង្គ ក៏ហូរមិនទាន់ដែរ ព្រោះទឹកពីលើធ្លាក់មកច្រើន ហើយហូរចាក់ទៅក្រោមមិនទាន់។ ទឹកជំនន់នេះ ដោយសារទឹកភ្លៀងខ្លាំង ហើយសូម្បីតែទឹកទន្លេមេគង្គ ក៏ហូរមិនទាន់ដែរ ព្រោះទឹកពីលើធ្លាក់មកច្រើន ហើយហូរចាក់ទៅក្រោមមិនទាន់។ សម្តេចតេជោ បន្តថា ការជន់លិចនេះ មិនមែនមានតែរាជធានីភ្នំពេញនោះទេ បណ្តាក្រុងនានានៅលើពិភពលោក ក៏បានជួបគ្រោះលិចបែបនេះដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការទប់ស្កាត់ថង់ប្លាស្ទិកមិនទាន់ជោគជ័យទេ ដែលទាមទារ ឲ្យមានការចូលរួមទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទីកនេះ ហើយប្រជាពលរដ្ឋ ត្រូវចូលរួមកុំឲ្យថង់ប្លាស្ទីកនេះ ប៉ើងធ្លាក់ទៅក្នុងលូ។
សម្តេចមានបំណងកាត់បន្ថយទំហំប្រឡាយ នៅតាមវាលស្រែមួយចំនួន ដែលមិនចាំបាច់ ដើម្បីពង្រីកផ្ទៃដីបង្កបង្កើនផល។ ប្រឡាយចំបាច់ ដើម្បីចែកចាយទឹក ត្រូវចាក់ស៊ីម៉ងត៍តែម្តង ប៉ុន្តែការអនុវត្តន៍នេះ នឹងត្រូវអនុវត្តន៍នៅក្រោយឆ្នាំ២០៣០។
ស្ពានអាកាស និងផ្លូវក្រោមដីនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើគម្រោងថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាងពេលសាងសង់ ៣០ខែ។ ការសាងសង់ស្ពានអាកាស ត្រង់ចំណុចរង្វង់មូលចោមចៅនេះ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលតែងកើតមានឡើង នាពេលកន្លងមក ជាពិសេសនៅចំណុចរង្វង់មូលចោមចៅនេះតែម្តង ម្យ៉ាងវិញទៀត ផ្លូវនេះជាផ្លូវសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅ នៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញ ចេញចូលក្នុង និងក្រៅប្រទេសផងដែរ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង និងមានមោទនភាព ចំពោះសមិទ្ធផលស្ពានអាកាសថ្មីទី ៦ក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានបើកការដ្ឋាន សាងសង់នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីវឌ្ឍនភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលមុនឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញ ស្ទើរក្លាយទៅជាទីក្រុងខ្មោចទៅហើយ ក៏ប៉ុន្តែក្នុងរយៈពេល៣៩ឆ្នាំ ចុងក្រោយនេះ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា គឺទីក្រុងភ្នំពេញ បានប្រែមុខមាត់ថ្មី ដែលបច្ចុប្បន្ននេះ បានក្លាយទៅជាទីក្រុង ដ៏មមាញឹកដែលកំណើនមនុស្ស យានយន្ត និង អគារតូចធំកើនឡើងរីកដុះដាលដូចផ្សិត។ ភាពរីកចម្រើននេះ ហើយដែលបច្ចុប្បន្នទីក្រុងភ្នំពេញ ប្រឈមនឹងការកកស្ទះ៣យ៉ាងរួមមាន៖ ១)កកស្ទះចរាចរណ៍ ២)កកស្ទះលូ និង ៣)កកស្ទះសំរាម។
មិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសមួយចំនួនផ្សេងទៀត ក៏មានការកកស្ទះដែរ ឧទាហរណ៍ជាក់ស្តែង គឺប៉ុន្មានថ្ងៃនេះមានភ្លៀងធំធ្លាក់មកយ៉ាងខ្លាំង ដែលធ្វើប្រព័ន្ធលូបង្ហូរទឹក មិនទាន់គឺបានធ្វើឲ្យកកស្ទះ។ ប្រព័ន្ធលូនៅភ្នំពេញ ក៏មានការចូលរួមកែលម្អ យ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍ នៃប្រទេសជប៉ុន ហើយនៅពេលនេះ រាជរដ្ឋាភិបាល ក៏កំពុងខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាបន្ទាន់ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលស្ពានអាកាសទី៦ ត្រង់ចំនុចរង្វង់មូលចោមចៅ បានសាងសង់រួចហើយបញ្ហានៃការកកស្ទះចរាចរណ៍ នឹងត្រូវបានកាត់បន្ថយ ហើយការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋទៅកាន់បណ្តាខេត្តផ្សេងៗកាន់តែមានភាពងាយស្រួល។ នៅពេលខាងមុខ យើងនឹងមានការសាងសងស្ពានអាកាសថ្មីៗ ថែមទៀត នៅទីក្រុងភ្នំពេញ។
បច្ចុប្បន្ននេះទីក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៥ រួចមកហើយ ដែលកំពុងដាក់ឲ្យប្រើប្រាស់ដូចជា ១)ស្ពានអាកាសក្បាលថ្នល់, ២)ស្ពានអាកាសស្ទឹងមានជ័យ, ៣)ស្ពានអាកាស៧មករា, ៤)ស្ពានអាកាស៥មករា(តិចណូ) និង ៥)ស្ពានអាកាសផ្សារដីហ៊ុយ ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ សម្តេចតេជោនាយរដ្ឋមន្ត្រី ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងបងប្អូនដែលកំពុងរស់ នៅជិត ឬរស់នៅក្នុងតំបន់ ដែលកំពុសាងសង់ស្ពានថ្នល់ សូមមានការយោគយល់ ព្រោះអាចរំខានដោយសំឡេងគ្រឿងចក្រ ប្រើប្រាស់ផ្លូវវាង និងការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលសាងសង់។
មុននឹងបញ្ចប់ពិធី សម្តេតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុចប៊ូតុង បញ្ជាគ្រឿងចក្រ ជានិមិត្តរូប នៃការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីទី៦ និងផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅ ចាប់ពីពេលនេះតទៅ៕ ដោយ៖កូឡាប