ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា ឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤លាននាក់ និងទេសចរណ៍ជាតិប្រមាណ១៥លាននាក់។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឆ្នាំ២០២៣ គឺការទស្សនាកម្ពុជា ដើម្បីលើកកម្ពស់កម្ពុជាដែលកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ជាពិសេសជំរុញការចូលរួមយុទ្ធនាការយើងជាម្ចាស់ផ្ទះដើម្បីអបអរសាទររៀបចំព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់ ក្នុងការអភិវឌ្ឍន៍ និងថែរក្សាទីក្រុងស្អាតប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

សម្តេចតេជោ បានបញ្ជាក់ថា ឆ្នាំ២០២៣ជាកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្ត សញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់ នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែងភូមិឋានជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុលផុសនៅក្នុងឆ្នាំ២០២៣នេះ »។ សម្តេចក៏បានក្រើនរំលឹកថា យើងធ្វើឲ្យកម្ពុជាមិនមែនតែ២០២៣ទេ គឺធ្វើឲ្យស្អាតរហូតដោយរួមគ្នាងក្សាអនាម័យ និងភាពស្អាត»។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រដល់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។ នៅមុន មិនទាន់ឆ្លងកូវីដ១៩ បើយោងតាមក្រសួងទេសចរណ៍ ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរហូតដល់ ៦.៦១ លាននាក់ ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលសរុបចំនួន ៤.៩២ ពាន់លានដុល្លារអាមេរិក។
ប្រទេសកម្ពុជា បានបើកទ្វារទទួលអ្នកធ្វើដំណើរដែលចាក់វ៉ាក់សាំងពេញលេញ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីប្រជាជនរបស់ខ្លួនភាគច្រើនត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា កម្ពុជា មានភាពល្បីល្បាញខាងសម្បត្តិបេតិកភណ្ឌពិភពលោក ចំនួនបីគឺ ឧទ្យានបុរាណវិទ្យាបា្រសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ ដែលលាតសន្ធឹងកាត់ខេត្តចំនួន ៤ នៃភាគនិរតី៕