រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបណ្ដេញមន្រ្ដីយោធារបស់ខ្លួន ចំនួន៦នាក់ ដោយរួមទាំងមេបញ្ជាការ ចំនួន២នាក់ និង មន្រ្ដីក្រោមបង្គាប់របស់ពួកគេ ចំនួន៤នាក់ផ្សេងទៀត ចេញពីមូលដ្ឋាននុយក្លេអ៊ែររបស់កងទ័ពអាកាស ស្ថិតក្នុងរដ្ឋណសដាកូតា (North Dakota) ប៉ុន្ដែក្រសួងការពារជាតិ មិនបានពន្យល់ អំពីមូលហេតុ រហូតឈានដល់ការបញ្ចប់តួនាទីរបស់ពួកគេនោះឡើយ។

សារព័ត៌មាន Air Force Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ទីបញ្ជាការវាយប្រហាររបស់កងទ័ពអាកាសពិភពលោក បានបញ្ជាក់ នៅក្នុងការចេញផ្សាយ កាលពីថ្ងៃចន្ទ ថា លោកវរសេនីយ៍ឯក ហ្គ្រេហ្គ័ររី ម៉ាយើរ (Gregory Mayer) ដែលរៀបចំក្រុមគាំទ្របេសកកម្មទី៥ នៅមូលដ្ឋានកងទ័ពអាកាសមីណូត (Minot), លោកវរសេនីយ៍ ចូណាថាន់ វ៉ែលច៍ (Jonathan Welch) មេបញ្ជាការកងអនុសេនាធំត្រៀមភស្តុភារទី៥ និង មន្រ្ដីក្រោមបង្គាប់របស់ពួកគេ ចំនួន៤នាក់ផ្សេងទៀត បានបាត់បង់ការងាររបស់ពួកគេ ដោយសារតែការបាត់បង់នូវទំនុកចិត្ត នៅក្នុងសមត្ថភាពដឹកនាំរបស់ពួកគេ។
លោកឧត្ដមសេនីយ៍ អានឌ្រូ ហ្គេបារ៉ា (Andrew Gebara) ទទួលបន្ទុកកងកម្លាំងនុយក្លេអ៊ែររបស់កងទ័ពអាកាសសហរដ្ឋអាមេរិក ស្ថិតក្រោមកងទ័ពអាកាសទី៨ បានបញ្ជាក់ នៅក្នុងការចេញផ្សាយនោះ ថា «សកម្មភាពរបស់មន្រ្ដីយោធា មានភាពចាំបាច់ ត្រូវតែរក្សាឲ្យបានតាមស្តង់ដារខ្ពស់ តាមអ្វីដែលយើងចង់បាន សម្រាប់អង្គភាពទាំងនេះ ដែលបានផ្ដល់ទំនុកចិត្តគាំទ្រដល់បេសកកម្មនុយក្លេអ៊ែររបស់ប្រទេសយើង»។

បើទោះជាយ៉ាងណាក៏ដោយ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានបដិសេធ អំពីមូលហេតុ ដែលនាំឲ្យមានការបណ្ដេញមន្រ្ដីកងទ័ពអាកាសទាំងនោះ ចេញពីការងារ ឬ ក៏ពន្យល់ អំពីសកម្មភាពអ្វី ដែលល្មើសនឹងវិន័យរបស់កងទ័ពរបស់ពួកគេ ត្រូវប្រឈមមុខនោះឡើយ។ លោក Mayer ជាអ្នកមើលការខុសត្រូវ ដល់កងទ័ពអាកាស ចំនួន ១ ៩០០នាក់ នៅទូទាំងកងអនុសេនាធំ ចំនួន៦កង នៅឯមូលដ្ឋានកងទ័ពអាកាស Minot ដែលមានតម្លៃ៤,៣ពាន់លានដុល្លារ ហើយក៏ជាកន្លែងបំពាក់នុយក្លេអ៊ែរ និង មីស៊ីលដ៏ទំនើបៗផងដែរ។
ក្រុមកងទ័ពអាកាសរបស់លោក Gregory Mayer តែងតែគាំទ្រ ដល់ប្រតិបត្ដិការជាប្រចាំ សម្រាប់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52H ចំនួន២៨គ្រឿង ដែលមានសមត្ថភាពបំពាក់គ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងមូលដ្ឋានកងទ័ពអាកាសនៅទីនោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN



















