ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ដែលប្រព្រឹត្តឡើងនារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត ៥ចំណុចដើម្បីជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ឱ្យកាន់តែមានប្រសិទ្ធភាព ចូលរួមគាំទ្រដល់ការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ការអនុវត្ត៥ចំណុច ដើម្បីទីក្រុងស្អាត រួមមាន ÷
១- ឆ្នាំនេះ ខ្ញុំសូមប្រកាសដាក់ចេញ យុទ្ធនាការ «ឆ្នាំ ទស្សនាកម្ពុជា២០២៣» ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ជាពិសេសត្រូវជំរុញការចូលរួមយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” ដើម្បីអបអរសាទរ ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារអត្តសញ្ញាណជាតិ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែង ភូមិឋានជាដើម នៅតាមមូលដ្ឋាន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុលផុស ។

២- បន្តជំរុញការអភិវឌ្ឍបៃតងនៅតាមបណ្តាក្រុង ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេសស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាពនគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម។
៣- បន្តអភិវឌ្ឍទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាតដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ភាពទាក់ទាញផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវ, លើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

៤- បន្តអភិវឌ្ឍទេសចរណ៍ទីក្រុង ជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ តាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ទីក្រុងដែលមានលក្ខណៈសមាហរណកម្មជាមួយអន្តរវិស័យ និងការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ឆ្លាត ដូចជា កម្មវិធីទូរស័ព្ទ «ទស្សនាទីក្រុង»។
៥- បន្តលើកកម្ពស់ការអភិវឌ្ឍទីក្រុង ប្រកបដោយភាពធន់ចីរភាព និងបរិយាប័ន្ន និងលើកស្ទួយ «វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង» តាមរយៈការបង្កើនអន្តរកម្មខ្សែចង្វាក់តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ, ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាព បែងចែកផ្លែផ្កាគាំទ្រដល់វិស័យទេសចរណ៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















