ភ្នំពេញ៖ ទំនិញប្រទេសកម្ពុជាភាគច្រើន នាំចេញទៅកាន់កូរ៉េខាងត្បូង មានសម្លៀកបំពាក់ និងស្បែកជើង កាបូបធ្វើដំណើរ កៅស៊ូ ស្រូវ អង្ករ ស្វាយ និងដំឡូងមី គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិច ភេសជ្ជៈកាបូបស្ពាយ ឱសថ និងក្រដាសកាតុងធ្វើកេស ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ដោយឡែកប្រទេសកូរ៉េខាងត្បូង បាននាំចូលមកកម្ពុជាវិញនូវផលិតផលឧស្សាហកម្ម វត្ថុធាតុដើម វាយនភណ្ឌ គ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន ផលិតផលតុបតែងផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក និងសម្ភារសំណង់ជាដើម។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀង បានជំរុញការនាំចេញទៅកាន់កូរ៉េ កើនឡើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា និង កូរ៉េ CKFTA ដែលកិច្ចព្រមព្រៀង បានចូលជាធូរមានក្នុងខែធ្នូឆ្នាំទៅ។ នៅឆ្នាំ២០២២កន្លងទៅ ផលិតផលកម្ពុជាសំខាន់នាំចេញទៅកាន់កូរ៉េ គឺសំលៀកបំពាក់ និង ស្បែកជើង។

កិច្ចព្រមព្រៀង CKFTA ត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយប្រទេសកូរ៉េខាងត្បូងយល់ព្រមដកពន្ធ លើផលិតផលចំនួន ៩៥,៦ ភាគរយ ដែលនាំចូលពីកម្ពុជា ខណៈកម្ពុជា នឹងលុបចោល ការយកពន្ធលើទំនិញនាំចូល ៩៣,៨ ភាគរយ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឲ្យដឹងថា កម្ពុជាបាននាំចេញទំនិញគិតជាទឹកប្រាក់ ៤៤,៣ លានដុល្លារ ទៅកាន់កូរ៉េ ក្នុងខែមករាឆ្នាំ២០២៣នេះ ពោលគឺកើនឡើង ៣៩,៧ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ ហើយការនាំចូលពីកូរ៉េកើនឡើង ៣៤ ភាគរយគិតជាទឹកប្រាក់ ៤៧,៤ លានដុល្លារ៕