ព្រះសីហនុ៖ គណៈប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៧ (Miss Global PAGEANT 2017) មកពី ៦០ប្រទេស បានធ្វើទស្សនៈកិច្ចមកកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ នាមូលដ្ឋានជាប់ឆ្នេរសមុទ្រមួយនេះ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យពិភពលោកស្គាល់ឲ្យបានច្រើននាថ្ងៃអនាគត។ ដំណើរទស្សនៈកិច្ចនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំមន្ត្រីស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទ រដ្ឋបាលខេត្តនេះ បានទទួលស្វាគមន៍ វត្តមានរបស់ គណៈប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ដោយយកចិត្តទុកដាក់ និងបានបង្ហាញទឹកមុខរីករាយ រាក់ទាក់បំផុត។
លោកអភិបាល បានចាត់ទុក ការបង្ហាញវត្តមាន របស់បេក្ខភាពស្ត្រីស្អាតពិភពលោក ឆ្នាំ២០១៧ ទាំង ៦០ប្រទេសមកធ្វើទស្សនៈកិច្ច ខេត្តព្រះសីហនុនាឱកាសនេះ ថាមានគោលបំណងស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវប្បធម៌អរិយធម៌ប្រពៃណីខ្មែរ ដើម្បីផ្សព្វផ្សាយបន្តឲ្យពិភពលោកបានស្គាល់ឲ្យបានទូលំទូលាយថែមទៀត។
លោក យន្ត មីន ឲ្យដឹងទៀតថា ក្នុងចំណោមបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ទាំង ៦០ប្រទេស ក៏មានបេក្ខភាពស្រីស្អាតកម្ពុជាចូលរួមដែរ។
នាឱកាសនោះ លោក យន្ត មីន បញ្ជាក់ប្រាប់ទៅប្រតិភូបវរកញ្ញាពិភពលោកថា ដោយសារតែប្រទេសកម្ពុជា មានសន្តិភាព និងមានការរីកចំរើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបមានវត្តមានបេក្ខភាពបវរកញ្ញាលំដាប់ពិភពលោក ឆ្នាំ២០១៧ អាចបង្ហាញវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចូលមកទស្សនា ខេត្តព្រះសីហនុ មានសុវត្ថិភាពនៅពេលនេះ។
តាមកម្មវិធីបង្ហាញថា បេក្ខនារីទាំង ៦០ប្រទេស មានកម្មវិធីថតបង្ហាញពីសម្លៀកបំពាក់សមុទ្រ នៃបណ្តាប្រទេសនីមួយៗ ដែលបានចូលរួមនៅតាមតំបន់ឆ្នេរមួយចំនួន និងថតបង្ហាញសម្លៀកបំពាក់សមុទ្រប្រពៃណីខ្មែរ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវប្បធម៌ ប្រពៃណទំនៀមទំលាប់ នៃព្រះរាជាណាចក្រកម្ពុជា ផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ និងឈានទៅទាក់ទាញកំណើនភ្ញៀវទេចរណ៍អន្តរជាតិ ឲ្យចូលមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខ៕ ដោយ៖ ដែន សីមា