ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសពី លោក សុន ឆ័យ ចំពោះការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា លួចសន្លឹកឆ្នោត

ភ្នំពេញ៖ នៅថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបដិសេធមិនទទួលយក ចំពោះលិខិតសុំទោសរបស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចំពោះការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា លួចសន្លឹកឆ្នោត ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដង ហើយតែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែល ហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។

សម្តេចក៏បានរំលឹកអំពីការសុំទោសរបស់ លោក សម រង្ស៉ី ហើយដែលសម្តេចធ្លាប់បានលើកលែងទោសឱ្យនាពេលកន្លងទៅ ប៉ុន្តែទីបំផុត មេក្រុមប្រឆាំងក្រៅច្បាប់នេះ នៅតែអនុវត្តវប្បធម៌លាបពណ៌របស់ខ្លួនដដែលជាដដែល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អ្នកគាំទ្រវាគឺដូចគ្នាដែលយើង ត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុន ឆ័យ បានសរសេរលិខិតមួយ ផ្ញើជូន សម្តេចតេជោ ហ៊ុន សែន ដើម្បី សុំទោសចំពោះអ្វីដែលលោកបានលើកឡើងកន្លងទៅ ពាក់ព័ន្ធនឹងបញ្ហាលួចសន្លឹកឆ្នោត។

លោកលើកឡើងថា រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស។

ជាមួយនឹងការសុំទោសនេះ លោកបានបង្ហាញជំហរគាំទ្រ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២៣ផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការចោទប្រកាន់គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ថាលួចសន្លឹកឆ្នោតនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។ ដោយឡែកសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀលផងដែរ។

ក្រោយមកសំណុំរឿងដដែលនេះ ត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូល សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញជាមួយនឹងការបន្ថែមប្រាក់ពិន័យ និងសំណងជំងឺចិតត្តដូចជា៖ សម្រាប់បណ្តឹងគណបក្សប្រជាជន ដែលផ្ដន្ទាទោសពិន័យជាប្រាក់ ៨លានរៀលនោះ ត្រូវបន្ថែមដល់ចំនួន ១០លានរៀលវិញ និងសងជំងឺចិត្ត៤ពាន់លានរៀល។ សម្រាប់សំណុំរឿងប្តឹងដោយគ.ជ.ប បង្កើនការផ្ដន្ទាទោសពិន័យឡើងដល់១០លានរៀល។

លោក សុន ឆ័យ បានចោទប្រកាន់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម