ភ្នំពេញៈ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ឯកឧត្តម ទី ថានី តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព។ ការទទួលស្គាល់ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនេះ បានធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន ៩៨រូប។

មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ អង្គសភាបានអនុម័តសមាសភាពលេខាធិការ ចំនួន ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន៖
១- ឯកឧត្តម នង វាសនា អាយុ ៤១ឆ្នាំ
២- ឯកឧត្តម ចាប ម៉ុច អាយុ ៦៥ឆ្នាំ
៣- ឯកឧត្តម ខឹម ច័ន្ទគីរី អាយុ ៦៦ឆ្នាំ
របៀបវារៈ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ មានចំនួន២ ដែលមានលទ្ធផលដូចខាងក្រោម៖
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ទី ថានី ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាស របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ឯកឧត្តម ទី ថានី តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព។
២- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
អង្គសភាបានធ្វើការបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដោយទទួលបានសន្លឹកឆ្នោត ព្រម ចំនួន ១០០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕ រក្សាសិទ្ធិដោយៈ ចេស្តារ









