ភ្នំពេញ ៖ ការធ្វើអនាម័យ មិនមែនធ្វើត្រឹមតែអ្នកនៅទីក្រុងប៉ុណ្ណោះទេ គឺនៅតាមទីជនបទក៏ត្រូវតែធ្វើដែរ ព្រោះវាមិនគ្រាន់តែជាការ ទាក់ទាញផ្នែកទេសចរណ៍ប៉ុណ្ណោះឡើយ ប៉ុន្តែវាជួយដល់សុខភាព និងភាពស្អាតរបស់ប្រជាពលរដ្ឋ ដូច្នេះ យើងត្រូវបង្កើនការអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃអនាម័យ និងបរិស្ថាន។
នេះជាការលើកឡើង និងជំរុញឱ្យយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១១ នារសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរស់នៅប្រកបដោយអនាម័យ មិនត្រឹមតែធ្វើឱ្យមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏បានជួយឱ្យសុខភាពពលរដ្ឋល្អផងដែរ។ កម្ពុជាបានខិតខំធ្វើច្រើនណាស់ទៅលើយុទ្ធនាការនានា សម្រាប់អនាម័យរបស់ប្រជាជន, យើងបានមើលឃើញរួចទៅហើយ ពីទិដ្ឋភាពទាំងឡាយដែលកម្ពុជាមានកាលពីពេលមុននោះ ទាក់ទងនឹងប្លាស្ទិកហោះតាមខ្យល់ អីឡូវនេះនៅតាមបណ្តាទីក្រុង ទីប្រជុំជន បានកាត់បន្ថយច្រើនណាស់ រឿងសំរាមអារាត់អារាយ និងប្លាស្ទិកហោះហើរនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមបានគូសបញ្ជាក់ថា យើងនៅសេសសល់បញ្ហាមួយចំនួនក្នុងចំណោមប្រជាជនរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់ការអប់រំ នោះគឺ អនាម័យ និងបរិស្ថាននៅលើទឹកដីរបស់ពួកគាត់ ហើយអ្វីៗដែលជារបស់ពួកគាត់ ពួកគាត់ត្រូវចូលរួម ហើយអ្នកណាក៏ដោយ គឺត្រូវចូលរួម តាំងពីប្រជាជនធម្មតា រហូតដល់អ្នកមុខ អ្នកការ មន្ត្រីជាន់ខ្ពស់ ដែលត្រូវតែចូលរួមទាំងអស់គ្នា ហើយមិនមែនគ្រាន់តែអ្នកទីក្រុងប៉ុណ្ណោះទេ អ្នកជនបទក៏ត្រូវតែជំរុញរួមគ្នាធ្វើអនាម័យនេះឱ្យបានល្អប្រសើរ ព្រោះវាមិនត្រឹមតែទាក់ទាញផ្នែកទេសចរណ៍ប៉ុណ្ណឹងទេ ក៏ប៉ុន្តែ វាបានទាក់ទងនឹងសុខភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាតទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













