ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា ៖ ស្របតាមនិន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញ និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាគំនាស់សម្រាប់អភិវឌ្ឍ ធានាអភិបាលកិច្ចល្អ

ភ្នំពេញៈ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ស្របតាមនិន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញ និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាគំនាស់សម្រាប់អភិវឌ្ឍ ធានាអភិបាលកិច្ចល្អ និងបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ កំណែទម្រង់នេះមិនត្រឹមតែជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លើយតបនឹងបរិបទនៃការអភិវឌ្ឍនៅក្នុងពិភពលោក ដែលបើកឱកាសដល់ការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពជំនាញឌីជីថលសម្រាប់មន្រ្តីការទូតកម្ពុជា» កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា បច្ចេកវិទ្យា ឬប្រព័ន្ធឌីជីថលត្រូវបានប្រទេសជាច្រើនលើ សកលលោក ប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ព្រមទាំងក្នុងវិស័យការទូតផងដែរ។ បច្ចុប្បន្ននេះ អ្នកនយោបាយ និងអ្នកការទូតក៏បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត និងបណ្តាញសង្គមនានា ដើម្បីចែករំលែកព័ត៌មាន និងប្រាស្រ័យទាក់ទងជាមួយសាធារណជន ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលវិធីសាស្ត្រនេះត្រូវបានគេស្គាល់ថាជា «ការទូតបែបឌីជីថល»។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយ នៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារបស់ស្ថានតំណាងកម្ពុជា។ ការទូតបែបឌីជីថលនេះ តែងត្រូវបានគេអនុវត្ត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ រួមមាន៖ គេហទំព័រ និងប្រព័ន្ធបណ្តាញសង្គមនានា ជាឧបករណ៍ក្នុងការផ្សព្វផ្សាយពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ តាមការអនុវត្តកន្លងមកនេះ ស្ថានតំណាងកម្ពុជានៅបរទេសសុទ្ធសឹងតែមានគេហទំព័រ និងបណ្តាញសង្គម ( ឧទាហរណ៍៖Facebook និង Telegram ជាដើម) រៀងៗខ្លួន ដើម្បីចែករំលែក ព័ត៌មាន សកម្មភាព និងទំនាក់ទំនងជាមួយសាធារណៈជន។ ហេតុនេះ ការពង្រឹងសមត្ថភាពជំនាញឌីជីថលនឹងចូលរួមចំណែកពង្រីកវិសាលភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានតំណាងជូនសាធារណជន បានយល់ដឹង និងជួយលើកតម្កើនកិត្យានុភាពជាតិលើឆាកអន្តរជាតិ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម