ភ្នំពេញ៖ កម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យក្រុមហ៊ុនស្រាសាកិ(Seke) ជប៉ុន ពិនិត្យ និងសិក្សាពីអង្ករកម្ពុជា ដើម្បីយកទៅផលិតស្រារបស់ខ្លួន ខណៈកម្ពុជា សល់ស្រូវប្រមាណជាង ៦លានតោនក្នុងមួយឆ្នាំ បន្ទាប់ពីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដូចនេះ ក្នុងកម្មវិធីដាក់បង្ហាញ និងភ្លក់ស្រាសាកិជប៉ុន នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ដែលរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា។


ឯកឧត្តម ហ៊ាន វណ្ណហន បានឲ្យដឹងថា កម្មវិធីដាក់បង្ហាញ និងភ្លក់ស្រាសាកិជប៉ុន នៅរាជធានីភ្នំពេញនេះ មានសារៈសំខាន់ណាស់ ក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលជាវប្បធម៌មួយរបស់ប្រទេសជប៉ុន ហើយក៏ជាឱកាសសម្រាប់ផ្សាភ្ជាប់ទំនាក់ទំនង និងវប្បធម៌ រវាងប្រជាជនទាំងពីរផងដែរ ។

រដ្ឋលេខាធិការក្រសួងកសិកម្ម បានឲ្យដឹងទៀតថា សាកិជប៉ុន គឺជាស្រាផលិតចេញពីអង្ករ ហើយកម្ពុជាផលិតស្រូវបានជិត ១៤លានតោន ក្នុងមួយឆ្នាំ មានទាំងស្រូវអង្ករធម្មតា និងស្រូវក្រអូប ដោយក្រោយទូទាត់ការប្រើប្រាស់ក្នុងស្រុក គឺនៅសល់ស្រូវប្រមាណជាង ៦លានតោន ។ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរឲ្យក្រុមហ៊ុនស្រាសាកិជប៉ុនទាំងអស់ គួរពិចារណាលើអង្ករកម្ពុជា ដើម្បីយកទៅផលិត ក្នុងន័យរួមចំណែកលើកកម្ពស់ជីវភាព សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

សូមជម្រាបថា បើតាមលោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំកម្ពុជា (JETRO) បានបញ្ជាក់ថា ការដាក់បង្ហាញ និងភ្លក់ស្រាសាកិជប៉ុននេះ មានក្រុមហ៊ុនធំៗ ៤ ស្មើនឹង ២០ប្រភេទចូលរួម ដែលរៀបចំឡើង ក្នុងឱកាសគម្រប់ខួបព្រះចៅអធិរាជជប៉ុនផង និងដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនផង ។ បន្ថែមលើនេះ JETRO ក៏នឹងមានរៀបចំឲ្យមានការភ្លក់សាកិ ជាមួយមុខម្ហូបពិសេសរយៈពេល ១០ថ្ងៃ នៅភោជនីយដ្ឋានជប៉ុនមួយចំនួនផងដែរ៕
