រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែភាពតានតឹង រវាងសហរដ្ឋអាមេរិក និង ចិន កាន់តែកើនឡើងយ៉ាងខ្លាំងបន្ថែម ធ្វើឲ្យអ្នករៀបចំយុទ្ធសាស្រ្ដ នៃមន្ទីរបញ្ចកោណ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ត្រៀមខ្លួន សម្រាប់ការប្រយុទ្ធទ្រង់ទ្រាយធំ នៅលើដែនកោះនានា នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីធ្វើឲ្យប្រាកដ សម្រាប់សមត្ថភាពប្រយុទ្ធ។

សារព័ត៌មាន Truthout (ទ្រូសសៅ) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ថា ស្របពេលកងរថក្រោះ និង ទាហានថ្មើរជើងរបស់សហរដ្ឋអាមេរិក កំពុងតែប្រយុទ្ធតាមផ្លូវរបស់ពួកគេ ចេញពីតំបន់ណ័រម៉ុងឌី (Normandy) នាភាគខាងជើង ប្រទេសបារាំង ឆ្ពោះទៅកាន់ទន្លេរីន (Rhine) ដែលជាសមរភូមិយ៉ាងក្ដៅគគុក នៃសង្គ្រាមលោកលើកទី២នោះ កងទ័ពរបស់សហរដ្ឋអាមេរិកផ្សេងទៀត ក៏កំពុងធ្វើសង្គ្រាម នៅក្នុងសមរភូមិវាយប្រយុទ្ធគ្នាយ៉ាងសាហាវដូចគ្នា ដើម្បីបណ្តេញកងទ័ពរបស់ជប៉ុន ចេញពីហ្វីលីពីន និង កោះផ្សេងទៀត នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយប្រើប្រាស់រយៈពេលយ៉ាងយូរ និង ជាការបង្ហូរឈាម សម្រាប់ការដណ្ដើមកាន់កាប់កោះ Iwo Jima (អ៊ីវ៉ូ ជីម៉ា) ប្រទេសជប៉ុន។

ចាប់តាំងពីពេលនោះមក មានការរំពឹងទុក អំពីសង្គ្រាមតាមដីគោកទ្រង់ទ្រាយធំ នៅអឺរ៉ុប នៅមិនទាន់រលាយបាត់នៅឡើយ ហើយឥឡូវ បើក្រឡេកមើលសង្គ្រាមនៅអ៊ុយក្រែន នាពេលសព្វថ្ងៃនេះ អាចនឹងលេចចេញនូវគំនិតយុទ្ធនាការដ៏សំខាន់ផ្សេងទៀត នៅតំបន់ប៉ាស៊ីហ្វិក នាពេលអនាគត។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ កងទ័ពសហរដ្ឋអាមេរិក និង កងម៉ារីន បានចាប់ផ្តើមរៀបចំ សម្រាប់ការប្រកួតប្រជែងអំណាចយោធាដ៏ជាក់លាក់មួយ ចំពេលចិន បាន និង កំពុងតែបង្ហាញខ្លួន ធ្វើជាសត្រូវដ៏ធំ ប្រឆាំងនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិក និង កោះប៉ាស៊ីហ្វិកជិតខាង ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ជម្លោះដ៏ធំណាមួយ រវាងសហរដ្ឋអាមេរិក និង ចិន ត្រូវបានគេជឿ ថា ភាគច្រើន នឹងរាប់បញ្ចូល ចាប់តាំងពីប្រតិបត្តិការ តាមផ្លូវអាកាស និង តាមជើងទឹក នៅក្នុងតំបន់ដែនទឹក នៃសមុទ្រចិន ជាពិសេស សមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូង ហើយដែនទឹក នៅជុំវិញកោះតៃវ៉ាន់។ ការប៉ះទង្គិចគ្នាបែបនេះ ធ្វើឲ្យអ្នករៀបចំយុទ្ធសាស្រ្ត សន្មត់ ថា នឹងមានការប្រយុទ្ធគ្នា តាមផ្លូវអាកាស និង សមុទ្រដ៏ខ្លាំងក្លា ដើម្បីគ្រប់គ្រងតំបន់ទាំងនេះ។ ប៉ុន្តែករណីនេះ ក៏ដូចគ្នាទៅនឹងសង្គ្រាមលោកលើកទី២ គឺមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង គ្របដណ្តប់ទៅលើកោះណាមួយ ដែលជាមានមូលដ្ឋានកងទ័ពអាកាស និង មូលដ្ឋានទ័ពជើងទឹករបស់ភាគីជម្លោះ ដូចជា ចិន បានបង្កើតមូលដ្ឋានកងទ័ព នៅលើកោះសិប្បនិមិត្ត ស្ថិតក្នុងសមុទ្រចិនខាងត្បូង និង មូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិក ស្ថិតនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន និង មូលដ្ឋានកងទ័ព នៅក្នុងប្រទេសហ្វីលីពីន។

ក្រៅពីការវាយប្រហារតាមអាកាស និង វាយប្រហារដោយមីស៊ីល នៅលើកោះទាំងនេះ ភាគីជម្លោះទាំងសងខាង អាចស្វែងរកការដណ្ដើម កាន់កាប់កោះទាំងនោះ តាមរយៈការវាយលុកតាមអាកាស ដែលបណ្តាលឱ្យមានការប្រយុទ្ធយ៉ាងឃោរឃៅ នៅក្នុងតំបន់ ដូចគ្នានឹងការវាយប្រយុទ្ធទ្រង់ទ្រាយធំបំផុត នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២អ៊ីចឹងដែរ។
កោះទាំងនេះ ក៏ជាផ្នែកមួយនៃប្រជុំកោះ តាមអ្វីដែលអ្នករៀបចំយុទ្ធសាស្រ្តរបស់ចិន ហៅថា «ខ្សែសង្វាក់កោះទី១» ដែលជាប្រជុំកោះដ៏វែង លាតសន្ធឹង ពីភាគខាងជើង ប្រទេសជប៉ុន ទៅកាន់ប្រជុំកោះរីយូក្យូស (Ryukyus) ខណៈកោះតៃវ៉ាន់ ស្ថិតនៅកណ្ដាល ហើយហ្វីលីពីន និងកោះបានៀវ (Borneo) ស្ថិតនៅភាគខាងត្បូង។ ភូមិសាស្រ្ដទាំងនេះ នឹងក្លាយជាឧបសគ្គដ៏ធំ ចំពោះការព្យាកររបស់កងទ័ពជើងទឹកចិន វាយលុកឆ្ពោះ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។

ដោយឡែក សហរដ្ឋអាមេរិក បាន និង កំពុងតែរក្សាវត្តមានយោធាដ៏ខ្លាំងក្លារបស់ខ្លួន នៅលើកោះទាំងនោះ អស់រយៈពេលជាយូរណាស់មកហើយ។ សហរដ្ឋអាមេរិក នឹងគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធរបស់ខ្លួន នៅក្នុងតំបន់ទាំងនោះ នៅក្នុងករណីមានសង្គ្រាមផ្ទុះឡើង។ ភូមិសាស្រ្ដទាំងនេះ បានរាប់បញ្ចូល ទាំងការប្រមូលផ្តុំកម្លាំងកងទ័ពអាកាស និង កងទ័ពជើងទឹកដ៏ធំ នៅក្នុងប្រទេសជប៉ុន ខណៈកងម៉ារីនដ៏ធំ កំពុងតែឈរនៅលើកោះអូគីណាវ៉ា និង មានមូលដ្ឋានកងទ័ព នៅក្នុងប្រទេសហ្វីលីពីន រួមជាមួយនឹងកងនាវាអាមេរិក នៅក្នុងតំបន់ជាច្រើនទៀត។ មូលដ្ឋានកងទ័ពទាំងនេះ នឹងស្ថិតក្នុងចំណោមគោលដៅដ៏ចម្បង សម្រាប់ការវាយប្រហារតាមផ្លូវអាកាស និង ការវាយប្រហារដោយមីស៊ីល ពីកងទ័ពចិន ខណៈការចាប់ផ្តើមជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន ដោយមានគំនិតផ្តួចផ្តើមពីការវាយលុក តាមផ្លូវទឹក ដែលមានគោលបំណងកាន់កាប់ ឬ កម្ទេចមូលដ្ឋានទាំងនោះ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានកំណត់គោលដៅ ទៅលើប្រទេសចិន ជាការបង្កគ្រោះថ្នាក់ដ៏ធំបំផុត ឬ ជាការបង្កនូវការគំរាមកំហែងយ៉ាងខ្លាំងក្លា ដល់សន្ដិសុខរបស់សហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក បានណែនាំដល់កងទ័ពជើងគោក អាកាស និង ជើងទឹករបស់ខ្លួន ត្រៀមខ្លួនរៀបចំឲ្យរួចជាស្រេច សម្រាប់ការផ្ទុះសង្គ្រាមជាមួយចិន។
លោកឧត្តមសេនីយ៍ ដេវី ប៊ឺរហ្គឺរ (David Berger) មេបញ្ជាការកងម៉ារីន ធ្លាប់លើកឡើង កាលពីអំឡុងឆ្នាំ២០២០ ថា «យើងត្រូវផ្តល់សមត្ថភាពយ៉ាងពិសេសដល់កងទ័ព ដើម្បីការពារប្រទេសជាតិ។ កងកម្លាំងរបស់យើង នឹងឆ្លើយតប ចំពោះវិបត្តិដែនសមុទ្រ និង បេសកកម្មដែលប្រទេសជាតិផ្តល់ឲ្យ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN



























