រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែធ្វើសង្គ្រាមព្រមគ្នា ទាំងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និង ការបោសសម្អាត អំពើពុករលួយនៅក្នុងប្រទេសរបស់របស់ពួកគេនោះ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមសមាជិកសភា ដោយបានការពារដល់អ៊ុយក្រែន ជុំវិញការប្រើប្រាស់ជំនួយរាប់ពាន់លានដុល្លារ បាន និង កំពុងតែហូរ ចូលទៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មន្រ្ដីជាន់ខ្ពស់ មន្ទីរបញ្ចកោណមួយរូប បានថ្លែងប្រាប់ ដល់ក្រុមសមាជិកសភាសហរដ្ឋអាមេរិក ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានភស្ដុតាងណាមួយ បង្ហាញ ថា អ៊ុយក្រែន កំពុងតែប្រើប្រាស់ជំនួយដែលផ្ដល់ឲ្យ មានរាប់សិបពាន់លានដុល្លារ មិនត្រឹមត្រូវ ចាប់តាំងពីកម្លាំងទាហានរុស្ស៊ី បានចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។
ក្រុមសមាជិក គណៈកម្មាធិការសេវាកម្មគ្រឿងសព្វាវុធរបស់សភា បានចោទសួរដល់មន្រ្ដីជាន់ខ្ពស់ចំនួន៣រូប នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក រួមមាន លោក កូលីន ខល (Colin Kahl) និង មន្រ្ដី២នាក់ផ្សេងទៀត ស្របពេលគណបក្សសាធារណរដ្ឋ ស្វែងរកការបង្កើននូវការត្រួតពិនិត្យជំនួយរបស់សហរដ្ឋអាមេរិក បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពេលគណបក្សនេះ បានទទួលសំឡេងភាគច្រើន គ្រប់គ្រងសភាជាន់ទាប។

លោក កូលីន ខល (Colin Kahl) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយ បានថ្លែងប្រាប់ក្រុមសមាជិកសភា ទទួលបន្ទុកជំនួយ សម្រាប់ក្រុងកៀវ ថា «មិនមានភស្ដុតាងណាមួយ បង្ហាញថា កងទ័ពអ៊ុយក្រែន កំពុងតែបង្វែរជំនួយយោធារបស់សហរដ្ឋអាមេរិក ដែលផ្ដល់ឲ្យ ទៅកាន់ទីផ្សារងងឹតនោះឡើយ»។
លោកអនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទទួលបន្ទុកលើគោលនយោបាយ បានសង្កត់ធ្ងន់ ថា «វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើល ចំពោះជំនួយរបស់សហរដ្ឋអាមេរិក ដែលបានផ្ដល់ឲ្យអ៊ុយក្រែន នោះទេ ព្រោះភាពខ្លាំងក្លា សម្រាប់ការប្រយុទ្ធ និង ការពិតត្រង់ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ កំពុងតែប្រើប្រាស់យ៉ាងត្រឹមត្រូវនូវអ្វីដែលយើងកំពុងតែផ្តល់ឱ្យពួកគេ ក៏ដូចជាអ្វីដែលសម្ពន្ធមិត្ត និង ដៃគូរបស់យើង កំពុងតែផ្តល់ឱ្យពួកគេ។ ខ្ញុំគិត ថា ការវាយតម្លៃរបស់យើង ត្រង់ថា ប្រសិនបើប្រព័ន្ធមួយចំនួន ត្រូវបានបង្វែរខុសគោលដៅ ដោយសារតែទាហានរុស្ស៊ី បានចាប់ដណ្ដើមយកបានអ្វីៗ នៅលើសមរភូមិតែប៉ុណ្ណោះ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN



















