ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មៃឆាលេក (Michael Michalak) នៅវិមានសន្តិភាព នាល្ងាចថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ពេលនេះទំនាក់ទំនងកម្ពុជា-អាមេរិក កំពុងតែមានប្រាស្រ័យល្អនឹងគ្នា, ហើយគ្មានពេលណាដែលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក លល្អដូចពេលបច្ចុប្បន្ននេះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់គណៈប្រតិភូក្រុម ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ថា គេអាចមើលឃើញភាពប្រសើរ នៃទំនាក់ ទំនងនេះ តាមរយៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងគួរ ឱ្យ កត់សម្គាល់។ តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មនេះ ប្រជាពលរដ្ឋអាមេរិក បានប្រើ ប្រាស់ ផលិតផលផលិតនៅកម្ពុជា ហើយពលរដ្ឋកម្ពុជា មានការងារធ្វើច្រើន។ ដូច្នេះ កម្ពុជា និងអាមេរិក ត្រូវបន្តយកចិត្តទុកដាក់បន្ថែម លើការធ្វើពាណិជ្ជកម្មជាមួយគ្នានេះឱ្យកាន់តែប្រសើរថែមទៀត។
ជាមួយគ្នានេះ លោក ម៉ៃឃើល មៃឆាលេក បានឱ្យដឹងថា គោលបំណងមកកាន់កម្ពុជានាពេលនេះ គឺសម្តែងការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយ វិបត្តិជំងឺកូវីដ-១៩។ ក្នុងនោះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងស្វែងរក មធ្យោ បាយកែលំអរលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និង មធ្យម ក្នុងស្រុក និងឧស្សាហកម្មដែលរងគ្រោះខ្លាំង ក៏ដូចជាលើកកម្ពស់ វិស័យឯកជន របស់អាមេរិកផងដែរ។

លោក ម៉ៃឃើល មៃឆាលេក បានថ្លែងថា លោកសូមសម្តែងការអបអរសាទរ ចំពោះ ជោគ ជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២, ហើយតាមរយៈតួនាទីជាប្រធានអាស៊ាននេះ បានបង្កើនទំនាក់ ទំនងទ្វេ ភាគី កម្ពុជា-អាមេរិក លើគ្រប់វិស័យថែមទៀត និងក៏បានលើកកម្ពស់ដល់ទំនាក់ទំនងអាមេរិក និងអាស៊ានផងដែរ។ ឱកាសនេះផងដែរ លោកសូមជូនពរកម្ពុជា ឱ្យទទួលបានជោគជ័យក្នុង ការ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នា ខែ កក្កដា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



















