ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គណបក្សនយោបាយទាំងឡាយ គួរគោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសហគមន៍ ក្រុមយុវជនបរិស្ថាន

ភ្នំពេញ៖ នៅថ្ងៃនេះផងដែរ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គណបក្សនយោបាយទាំងឡាយ គួរគោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសហគមន៍ ក្រុមយុវជនបរិស្ថាន ដែលធ្វើសកម្មភាពទាំងឡាយដែលគាំទ្ររាជរដ្ឋាភិបាល។

ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់លោកអ្នក មិនបានគោរពទៅដល់សេរីភាពខាងនយោបាយរបស់យុវជនទាំងនេះទេ ពួកគេបានដឹងច្បាស់ ថាគេគាំទ្របក្សប្រឆាំង គឺអត់បានការណ៍ ក្នុងពេលកន្លងទៅ។

ក្រុមយុវជនបរិស្ថាន និងសហគមន៍ទាំងនោះត្រូវបានរងការប្រមាថពីគណបក្ស និងបុគ្គល នៅពេលពួកគេធ្វើសកម្មភាពគាំទ្ររាជរដ្ឋាភិបាល បន្ទាប់ពីពួកគេចាកចេញឈប់គាំទ្រក្រុមប្រឆាំង។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកនយោបាយប្រឆាំង និងបុគ្គលមួយចំនួនទៀត ឱ្យគោរពសិទ្ធិប្រជាពលរដ្ឋក្នុងការធ្វើនយោបាយ ក្រោយក្រុមយុវជនដែលធ្លាប់គាំទ្រដល់នយោបាយក្រុមប្រឆាំង បានផ្លាស់ប្តូរជំហរដោយងាកមកគាំទ្រនយោបាយរាជរដ្ឋាភិបាលវិញ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំក្រុមប្រឆាំង និងបក្ខពួករបស់ខ្លួន បានបើកយុទ្ធនាការវាយប្រហារតាមបណ្តាញសង្គម និងបណ្តាសារព័ត៌មានទៅលើក្រុមយុវជនចំនួន៨ ដែលបានផ្លាស់ប្តូរជំហរមកគាំទ្រដល់នយោបាយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។

អង្គការយុវជនចំនួន៨នោះ ដែលធ្លាប់គាំទ្រដល់នយោបាយបក្សប្រឆាំង ហើយប្តូរមកគាំទ្រនយោបាយរាជរដ្ឋាភិបាលនោះរួមមាន៖ ក្រុមយុវជនខ្មែរមហានគេ(IYE), ក្រុមយុវជន ១០០ រាត្រី, ក្រុមអ្នកស្រឡាញ់បរិស្ថាន និងសង្គម, ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, ក្រុមអ្នកស្រាវជ្រាវវ័យក្មេង, ក្រុមសង្គមស៊ីវិលដើម្បីការអភិវឌ្ឍ, ក្រុមយុវជនសន្តិភាព និងការអភិវឌ្ឍ និងក្រុមសប្បុរសធម៌ខែ្មរកម្ពុជាក្រោមជាដើម។ ពួកគេពេលនេះ កំពុងរងការចោទប្រកាន់ និងប្រមាថថា បានលក់ឧត្តមគតិ ឬត្រូវបានទិញដូរជាដើម។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាគណបក្សនយោបាយនៅកម្ពុជា ឱ្យមានការគោរពសិទ្ធិប្រជាពលរដ្ឋក្នុងការធ្វើនយោបាយ។ សម្តេចបានបញ្ជាក់ថា មួយរយៈនេះ ក្រុមយុវជនដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល លើបញ្ហានានា បាននាំគ្នាមកចូលរួមគាំទ្រគណបក្សប្រជាជន និងរាជរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាព ប៉ុន្តែពួកគេ ត្រូវបានទទួលការប្រមាថពីគណបក្សមួយចំនួន និងបុគ្គលមួយចំនួន។

សម្តេចតេជោ បានអះអាងថា ក្នុងពេលទទួលជួបជាមួយក្រុមយុវជនទាំងនេះ នាពេលកន្លងទៅ សម្តេចបានស្តាប់យ៉ាងយកចិត្តទុកដាក់អំពីអ្វីដែលជាកង្វល់ និងបំណងប្រាថ្នារបស់ពួកគេ។ សម្តេចតេជោ បានបង្ហើបថា យុវជនខ្លះបានសារភាពថា ខ្លួនបានធ្លាក់ទៅក្នុងការអូសទាញរហូតដល់អាមេរិក ហើយត្រូវបានបណ្តុះបណ្តាលអំពីរបៀបធ្វើបដិវត្តពណ៌នៅអាមេរិក។ ប៉ុន្តែដោយរូបគេមើលឃើញថា ស្ថានភាពគណបក្សប្រឆាំងពេលនេះ មិនអាចជួយពួកគេឱ្យធ្វើសកម្មភាពស្របតាមឆន្ទៈបាននោះទេ អញ្ចឹងវិធីតែមួយគត់របស់ពួកគេ​ គឺចូលរួមគាំទ្ររាជរដ្ឋាភិបាល ហើយបន្តសកម្មភាពជួយដល់បរិស្ថាន និងសង្គម។ប៉ុន្តែអ្វីដែលជាបំណងប្រាថ្នា និងសេរីភាពនៃការជ្រើសរើសរបស់ពួកគេ ត្រូវបានទទួលការប្រមាថពីគណបក្សនយោបាយខ្លះថា គេលក់ឧត្តមគតិ។ អញ្ចឹងចំណុចនេះ ខ្ញុំគ្រាន់តែជម្រាបទៅអស់លោកអ្នក ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែមិនបានគោរពប្រជាធិបតេយ្យពិតប្រាកដទេ។

សម្តេចបានបន្តថាទាល់តែមនុស្សគាំទ្រអ្នកឯង ទើបអ្នកឯងចាត់ទុកថាជាមនុស្សល្អ ប៉ុន្តែឱ្យតែមកគាំទ្ររាជរដ្ឋាភិបាល គឺសុទ្ធតែជាមនុស្សលក់ឧត្តមគតិ ហើយធ្ងន់ធ្ងរជាងនេះគឺប្រមាថថា អ្នកទាំងនេះជាកញ្ចះបរទេស ក្នុងពេលដែលខ្លួនស៊ីលុយបរទេស ដើម្បីប្រឆាំងខ្មែរ ឬក៏ឈរជើងនៅបរទេសដើម្បីប្រឆាំងខ្មែរទៅទៀត។

សម្តេចតេជោបានព្រមានក្រុមប្រឆាំង ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការធ្វើបាតុកម្មរបស់ក្រុមយុវជនតបតចំពោះការវាយប្រហារ និងប្រមាថលើពួកគេ។ ទោះជាយ៉ាងនេះក្តី សម្តេចក៏បានស្នើក្រុមយុវជន កុំមានប្រតិកម្មបែបហិង្សាណាមួយចំពោះមេដឹកនាំក្រុមប្រឆាំងឡើយ ដោយត្រឹមតែធ្វើសេចក្តីថ្លែងការណ៍ ពន្យល់ទៅទៅគ្រប់គ្រាន់ហើយ។

សម្តេចតេជោ ហ៊ុន សែន រំលឹកថា តាំងពីដើមមកមនុស្សដែលចាកចេញពីគណបក្សប្រជាជនកម្ពុជា គឺសម្តេចតែងតែគោរពដល់ការសម្រេចចិត្តរបស់ពួកគេ ក្នុងនោះក៏មាន៣នាក់ផងដែរ ដែលមានលោក គង់ គាំ, លោក ភី ថាច (ចេញហើយចូលវិញ) និង លោក សាម ស៊ុនដឿន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចអះអាងថា​ អ្នកដែលចេញពីគណបក្សប្រជាជនកម្ពុជា ទៅចូលរួមជាមួយបក្សនយោបាយផ្សេង មិនសូវជាមានអនាគតល្អនោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម