ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ឱ្យពិនិត្យមើលច្បាប់ ពាក់ព័ន្ធនឹងសត្វព្រៃ ហើយធ្វើការកែប្រែចំណុចមួយចំនួន ធ្វើយ៉ាងណាអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមសត្វព្រៃដែលកម្រ និងជ្រើសរើសប្រភេទពូជសត្វមួយចំនួនដែលជិតផុតពូជឱ្យប្រជាពលរដ្ឋអាចការចិញ្ចឹមបាន។

ការស្នើបែបនេះរបស់ សម្ដេចតេជោ ធ្វើឡើង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់។ នៅគ្រានេះ សម្ដេចតេជោមានប្រសាសន៍ដូច្នេះថា ឥឡូវ ខ្ញុំនិយាយដល់បញ្ហាសត្វក្ងោក ខ្ញុំបានដាក់ចេញហើយ និយាយហើយ សុំឱ្យត្រួតពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធនឹងសត្វព្រៃ សត្វកម្រជិតផុតពូជ ត្រូវធ្វើវិសោនកម្ម ប្តូរពីការរឹតត្បិតទៅជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមបាន ដើម្បីបង្កើតសត្វព្រៃឡើងវិញ។

ការចិញ្ចឹមសត្វកម្រមួយចំនួន គឺសត្វហ្នឹងយើងចិញ្ចឹមហើយ យើងអាចយកទៅលែងនៅក្នុងព្រៃវិញ ដើម្បីឱ្យសំបូរ, ដូចជា សត្វក្ងោកនេះជាដើម ឱ្យវាសំបូរពេញព្រៃតែម្ដង, មើល៎ ធ្វើអាហ្នឹងមើល៎ ! បើថា សត្វក្ងោក វាកាក់កបជាមួយនឹងការរស់នៅក្នុងទឹកដីរបស់កម្ពុជា យើងអាចចិញ្ចឹមហើយ យកវាទៅលែងចោលនៅក្នុងព្រៃ, សត្វទាំងឡាយមួយចំនួនដែលយើងអាចចិញ្ចឹមបាន ចិញ្ចឹមហើយ យកវាទៅលែងនៅក្នុងព្រៃ រួចហើយវានឹងបង្កើតស្ថានភាពល្អសម្រាប់សត្វនៅក្នុងប្រទេសរបស់យើង។
ពាក់ព័ន្ធនឹងរឿងចិញ្ចឹមសត្វព្រៃ (សត្វក្ងោក) នេះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធពិនិត្យមើល មានចំណុចណាដែលត្រូវកែប្រែបាន គឺត្រូវតែកែ ព្រោះសភាអាចដំណើរការប្រជុំរហូតទៅដល់ជិតពេលបោះឆ្នោត វាមិនមានបញ្ហាអ្វីនោះទេ យើងនៅសល់ពេលវេលា អាចដាក់មកគណៈរដ្ឋមន្ត្រីប្រជុំ រួចហើយបញ្ជូនទៅសភាដើម្បីកែច្បាប់បាន ហើយបើទាក់ទងដល់អនុក្រឹត្យ គឺកែរអនុក្រឹត្យនោះទៀត។

យើងគួរលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វកម្រទាំងនេះ ព្រោះនេះ វាមិនមានខាតបង់អ្វីនោះទេ តែផ្ទុយទៅវិញ វាបានធ្វើឱ្យប្រទេសមួយនេះសំបូរទៅដោយសត្វបក្សាបក្សី ជាពិសេសសត្វក្ងោកដែលជាសត្វដ៏កម្រ នឹងជិតផុតពូជទៅទៀត យើងគួរចេះលើកទឹកចិត្ត និងចេះជ្រើសរើសប្រភេទពូជសត្វមួយចំនួនដែលជិតផុតពូជ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានការចិញ្ចឹម ដែលនេះទើបជាការផ្តល់នូវលទ្ធភាពពិតប្រាកដសម្រាប់ប្រទេសជាតិ ហើយសម្រាប់ប្រជាជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN























