ភ្នំពេញ ៖ ក្នុងពិធីសម្ពោធក្រុមហ៊ុន អាកាសា មីឌាសឹលូសិន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមតំណាងរាស្ត្រ ហ៊ុន ម៉ានី បានលើកឡើងសាជាថ្មី លើលក្ខណ:សម្បត្តិរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជ្រើសរើសជាឯកឆន្ទ ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត សម្រាប់ដឹកនាំអភិវឌ្ឍន៍ជាតិ និងបម្រើប្រជាជន។
លក្ខណៈសម្បត្តិពិសេសរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមមាន ÷

១- មានការគាំទ្រជាឯកច្ឆន្ទក្នុងជួរគណបក្ស : មិនមែនជារឿងពីការបន្តពីឪពុកមកកូន, ក៏មិនមែនជាការចៃដន្យនោះដែរ តែជាការគិតគូរដោយចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា និងដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ការជ្រើសរើសនេះ កើតក្រោយពីមានការវាយតម្លៃលើគ្រប់លក្ខណៈសម្បត្តិ និងសមត្ថភាពដោយថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា និងដោយមានការគាំទ្រយ៉ាងពេញទំហឹង នៅក្នុងក្របខណ្ឌផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការបោះឆ្នោតជាឯកច្ឆន្ទ នៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
២- គឺជាការគាំទ្រពីមជ្ឍដ្ឋានមហាជន និងការទទួលស្គាល់ទាំងលក្ខណៈសម្បត្តិ ទាំងសមត្ថភាព, មានមនុស្សមិនតិចទេធ្លាប់បានឃើញសកម្មភាព ធ្លាប់បានជួបផ្ទាល់ជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងបង្ហាញពីការគាំទ្រយ៉ាងច្រើនកុះករ មិនថាក្នុងជួរបញ្ញវន្ត អាជីវករ ធុរជន អ្នកប្រកបវិជ្ជាជីវៈនានា កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ជារួម គឺមហាជនគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបញ្ញវន្តខ្មែរមួយរូប ដែលបញ្ចប់ការសិក្សារហូតដល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងមានបទពិសោធជោគជាំលើការងារប្រតិបត្តិជាក់ស្តែង។ ជាងនេះទៅទៀត លោកយល់យ៉ាងច្បាស់ពីក្របខ័ណ្ឌគោលនយោបាយ រដ្ឋបាល ផែនការអភិវឌ្ឍជាតិ ការកសាង និងដឹកនាំប្រទេសជាតិ ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងការយកចិត្តទុកដាក់ជាប្រចាំ ជំរុញវិស័យឯកជន ដែលជាប្រភពមួយនៃកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញការងារ កំណែទម្រង់លើជួរកងទ័ព ពង្រឹងស្មារតីស្នេហាជាតិ លើកស្ទួយកិត្តិយសក៏ដូចជាតម្លៃរបស់នាយទាហ៊ាន ពលទាហ៊ាន គ្រប់លំដាប់ថ្នាក់ដែលទទួលបានការគាំទ្រដ៏ស្មោះស្ម័គ្រ និងរួមសុខរួមទុក្ខពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាមូលដ្ឋានចាំបាច់បំផុតរបស់អ្នកដឹកនាំបន្តវេន ក្នុងការបន្តបេសកម្មរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្ថិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម។
៣- សម្រាប់កិច្ចការក្នុងក្របខ័ណ្ឌអន្តរជាតិ : ឯកឧត្តម ហ៊ុន ម៉ាណែត តែងតែទទួលបានការអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ ការស្នើសុំជួបពិភាក្សាការងារ និងកិច្ចប្រជុំតំណាងឲ្យក្រសួងការពារជាតិ ជាមួយបណ្តាប្រទេសមហាអំណាចទាំងក្នុងតំបន់ និងពិភពលោកជាបន្តបន្ទាប់ ក៏ដូចជាជាមួយបណ្តាប្រទេសជាមិត្ត, ដែលនេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការទទួលស្គាល់សមត្ថភាព នៃភាពជាអ្នកដឹកនាំកម្រិតខ្ពស់របស់លោក ជាមួយការគាំទ្រពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តទាំងអស់នោះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







