ព្រះសីហនុ៖ ចង្វាក់ផលិតកម្មនៃរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារតុបតែងផ្ទះរបស់ក្រុមហ៊ុន ខេហ្វខូ អ៊ីនធើណេសិនណល ខេមបូឌា លីមីធីត ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានក្តីរំពឹងថា នឹងពង្រីកចង្វាក់ផលិតកម្មបន្ថែមទៀត ដើម្បីស្រូបយកកម្លាំងពលកម្មរបស់កម្ពុជា ចូលបម្រើការងារនៅក្នុងរោងចក្រនេះកាន់តែច្រើន។
![](https://cen.com.kh/wp-content/uploads/2023/03/photo_2023-03-02_08-45-33-2.j.jpg)
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសចុះពិនិត្យចង្វាក់ផលិតកម្ម នៅក្នុងរោងចក្រនេះ បានថ្លែងអំណរគុណដល់ការបោះទុនវិនិយោគរបស់រោងចក្រនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សង្ឃឹមថា រោងចក្រនេះ នឹងពង្រីកចង្វាក់ផលិតកម្មនេះបន្ថែមទៀត ដើម្បីស្រូបយកកម្លាំងពលកម្មរបស់កម្ពុជា ចូលបម្រើការងារនៅក្នុងរោងចក្រកាន់តែច្រើន និងសូមគាំទ្រដល់ដំណើរការផលិតកម្មរបស់រោងចក្រឱ្យកាន់តែមានសន្ទុះកើនឡើងនៅពេលខាងមុខ។
![](https://cen.com.kh/wp-content/uploads/2023/03/photo_2023-03-02_08-45-33-3.j.jpg)
បើតាមក្រុមហ៊ុន CAFFCO International Cambodia Limited រោងចក្រនេះ បានចាប់បើកឱ្យដំណើរការនៅឆ្នាំ២០១២ ហើយរាល់ការផលិតបាន គឺនាំទៅលក់នៅទីផ្សារនៅសហរដ្ឋអាមេរិក។ រោងចក្រនេះ ក៏មានគម្រោងផលិតវត្ថុធាតុដើមលក់ក្នុងស្រុកមួយចំនួនផងដែរ មានដូចជា ដែកលួស និងគ្រឿងជ័រផ្សេងៗជាដើម។ ហើយក្នុងពេលអនាគត រោងចក្រនេះ នឹងព្យាយាមផលិតវត្ថុផ្សេងៗទៀត ដែលថ្មី និងប្លែក ហើយអត់មានលក់នៅលើទីផ្សារស្រុកខ្មែរ។
![](https://cen.com.kh/wp-content/uploads/2023/03/photo_2023-03-02_08-45-33-4.j.jpg)
គួរបញ្ជាក់ថា បើតាមនាយកក្រុមហ៊ុន រោងចក្រនេះបច្ចុប្បន្នមានកម្មករប្រមាណ៤០០ ទៅ ៥០០នាក់៕