Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូនក្រិក បោះបង់តំណែង ដោយសាររថភ្លើងបើកបុកគ្នា

រដ្ឋធានីអាថែនស៍ (Athens)៖ ក្រោយពេលកើតមានឧបទ្ទវហេតុ រថភ្លើងចំនួន២ខ្សែ បានបើកបុកគ្នា បណ្ដាលឲ្យទូរថភ្លើងធ្លាក់ខុសផ្លូវ ស្លាប់ និង រងរបួសដល់មនុស្សជាច្រើននាក់នោះមក នាយករដ្ឋមន្រ្ដីក្រិក បានស្ដីបន្ទោស ដល់កំហុសឆ្គងរបស់មនុស្ស ហើយស្របគ្នានេះដែរ លោករដ្ឋមន្រ្ដី ក្រសួងដឹកជញ្ជូនរបស់ប្រទេសស្ថិតនៅភាគអាគ្នេយ៍តំបន់អឺរ៉ុបមួយនេះ ក៏បានប្រកាសលាលែង ពីតំណែងរបស់គាត់។

បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ថា លោក វ៉ាសស៊ីលីស វ៉ាថាកូហ្គៀននីស (Vassilis Varthakogiannis) អ្នកនាំពាក្យ ទីភ្នាក់ងារពន្លត់អគ្គិភ័យរបស់ក្រិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា មានមនុស្សយ៉ាងតិច ចំនួន៣៨នាក់ បានបាត់បង់ជីវិត ក្រោយពេលរថភ្លើងចំនួន២ខ្សែ បើកបុកគ្នា កាលពីរាត្រី ថ្ងៃអង្គារ។ ដោយឡែក មនុស្ស ចំនួន៧២នាក់ផ្សេងទៀត បានរងរបួស។ ចំណែកប៉ូលិស ក៏កំពុងតែយកសំណាក DNA របស់អ្នកស្លាប់ ទៅពិនិត្យ ស្វែងរកអត្ដសញ្ញាណរបស់អ្នកស្លាប់។

លោក គីរៀកូស មីតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្រ្ដីក្រិក បានស្ដីបន្ទោស អំពីកំហុសឆ្គងរបស់មនុស្ស ទើបធ្វើឲ្យរថភ្លើង ចំនួន២ខ្សែ បើកបុកគ្នា ធ្លាក់ខុសផ្លូវ បណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិច ចំនួន៣៨នាក់ និង របួស៧២នាក់។ ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីរាត្រី ថ្ងៃអង្គារ នៅជិតទីក្រុងឡារីសសា។

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក បានបង្កឲ្យកើតមានសោកនាដកម្ម នៅក្នុងប្រទេសក្រិកនេះ ធ្វើឲ្យរដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូន លោក កូស្ដាស ការាម៉ាន់លីស (Kostas Karamanlis) បង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានប្រកាសលាលែងពីតំណែងរបស់ខ្លួន ក្រោយពេលគាត់បានចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ។

លោក កូស្ដាស ការាម៉ាន់លីស (Kostas Karamanlis) រដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូនក្រិក បានបញ្ជាក់ ថា «ការឈឺចាប់នេះ មិនអាចនិយាយចេញកើតឡើយ ខណៈមានរឿងសោកនាដកម្មបែបនេះ កើតឡើង ហើយវាមិនអាចឲ្យគាត់បន្តតំណែងទៅមុខបាន។ ខ្ញុំចាត់ទុក ថា វាជាការចាំបាច់ សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់យើង ព្រោះប្រជាពលរដ្ឋរបស់យើង ជឿជាក់ មកលើប្រព័ន្ធនយោបាយ។ នេះជាអ្វីដែលគេហៅថា ជាការទទួលខុសត្រូវខាងនយោបាយ ដូច្នេះខ្ញុំត្រូវតែលាលែងចេញពីតំណែងរបស់ខ្ញុំ ជុំវិញឧបទ្ទវហេតុនេះ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×