ភ្នំពេញ ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា តួនាទីរបស់ចិន នឹងមានសារសំខាន់បំផុតសម្រាប់អនាគតនៃសង្គ្រាមនៅអ៊ុយក្រែន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា អាស្រ័យដោយកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពសង្គម ក្នុងរយៈពេលច្រើនទសវត្សជាប់ៗគ្នា ប្រទេសចិនបានដើរតាមទាន់សហរដ្ឋអាមេរិក សឹងតែគ្រប់វិស័យ។ ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅតំបន់ជាច្រើនលើពិភពលោកមានលក្ខណៈទូលាយ និងកើនឡើងជាលំដាប់។ ចិនជាដៃគូសំខាន់បំផុតផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់សឹងគ្រប់ប្រទេសនៅអាស៉ី។

ចិនមានលទ្ធភាពបង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែរក្រវាត់ និងផ្លូវ (BRI) ហើយថ្មីៗនេះទៀត កៀរគរ «ក្រុមមិត្ត» នៃ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» (GDI) ក៏ដូចជាបង្កើតនូវ «គំនិតផ្តួចផ្តើមសន្តិសុខសកល» (GSI)។ ជាមួយនេះ ចិនក៏ចាប់ដៃរុស្ស៉ី កសាងនូវទំនាក់ទំនងយុទ្ធសាស្ត្រ និងយោធា ដើម្បីឆ្លើយតបទៅនឹងសម្ពាធ និងការប្រឈមដែលចេះតែកើនឡើងជាមួយក្រុមប្រទេសខាងលិច ដែលបង្កឲ្យមាននូវស្ថានភាពមួយស្រដៀងគ្នានឹងសម័យកាលសង្គ្រាមត្រជាក់។ ចិន និងរុស្ស៉ី ក៏ចាប់ដៃគ្នាក្នុងការជំរុញឲ្យ «ងាកចេញពីប្រព័ន្ធទូទាត់អន្តរជាតិដែលត្រួតត្រាដោយលោកខាងលិច» ដើម្បីកាត់បន្ថយហានិភ័យនៃការដាក់ទណ្ឌកម្មនានា ព្រមទាំងបង្កើននូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ផ្នែកបច្ចេកវិទ្យា និងលំហអ៉ីនធឺណែត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «ក្នុងបរិបទដែលសង្គ្រាមនៅអ៊ុយក្រែន បន្តវិវត្តន៍កាន់តែស្មុគ្រស្មាញ និងប្រកបដោយគ្រោះថ្នាក់នោះ តួនាទី និងការសម្រេចរបស់ចិន នឹងមានសារៈសំខាន់បំផុតសម្រាប់អនាគតនៃសង្គ្រាមនេះ និងអនាគតនៃសណ្តាប់ធ្នាប់ពិភពលោក»។
ចិន ដែលជាមិត្តរបស់រុស្ស៉ី កំពុងមានឥទ្ធិពលដ៏សំខាន់សម្រាប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ សហរដ្ឋអាមេរិក និងលោកខាងលិច បានព្រមានចិន មិនឱ្យផ្តល់ជំនួយដល់រុស្ស៉ី ខណៈដែលប្រមុខការទូតចិន ទើបបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី ដែលគេជឿថា អាចនឹងមានទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ទៅកាន់ប្រទេសរុស្ស៉ី ឆាប់ៗនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












