ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ ២០២៣ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបោះឆ្នោតជ្រើសតាំង លោក វ៉ វ៉ាន់ធឿង សមាជិកការិយល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ឱ្យកាន់តំណែងជាប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិ ២០២១- ២០២៦។
តើលោក វ៉ វ៉ាន់ធឿង ជានរណា? CEN សូមជូននូវជីវប្រវត្តិសង្ខេបរបស់លោក វ៉ វ៉ាន់ធឿង បកប្រែក្រៅផ្លូវការពីកាសែត Vietnam Plus នៃទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA ដូចតទៅ ÷

នាម និង គោត្តនាម ៖ វ៉ វ៉ាន់ធឿង ថ្ងៃខែឆ្នាំកំណើត ៖ ១៣ ធ្នូ ១៩៧០ (អាយុ ៥២ឆ្នាំ) ,
ស្រុកកំណើត ៖ ឃុំអានហ្វឿក ស្រុកម៉ាងធីត ខេត្តវិញឡុង (វៀតណាមខាងត្បូង) ជនជាតិ គិញ ,
ថ្ងៃចូលជាបក្ខជនត្រៀម ៖ ១៨ វិច្ឆិកា ១៩៩៣
ថ្ងៃចូលជាបក្ខជនពេញសិទ្ធិ ៖ ១៨ វិច្ឆិកា ១៩៩៤,
កម្រិតបណ្តុះបណ្តាល ៖ មធ្យមសិក្សាថ្នាក់ទី១២/១២ , ជំនាញវិជ្ជាជីវ: ៖ បរិញ្ញាបត្រទស្សនៈវិជ្ជា សញ្ញាបត្រក្រោយឧត្តមសិក្សា៖ ជាអនុបណ្ឌិតវិទ្យាសាស្ត្រ និង មនុស្សសាស្ត្រ
ធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលទ្រឹស្តីនយោបាយជាន់ខ្ពស់។
ភាសាបរទេស ៖ លោកចេះភាសាអង់គ្លេសជ្រៅជ្រះ គ្រឿងឥស្សរិយយស៖ មេដាយពលកម្មថ្នាក់លេខបី មេដាយជំនាន់យុវវ័យ , ប័ណ្ណសរសេរពីនាយករដ្ឋមន្ត្រីវៀតណាម ឆ្នាំ២០០៤,

មុខនាទី និង ឋានៈ ៖ សមាជិកបម្រុងមជ្ឈិមបក្សអាណត្តិទី១០ សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី១០ , សមាជិកគណៈកម្មាធិការមជ្ឈិមបក្សអាណតិ្តទី១១, ១២,១៣ , លេខាធិការគណៈកម្មាធិការមជ្ឈិមបក្សទី១២,១៣ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សអាណត្តិទី១២, ១៣, សមាជិករដ្ឋសភា ឬ តំណាងរាស្ត្រអាណត្តិទី១២, ១៤, ១៥
សង្ខេបដំណើរប្រតិបត្តិការងារ
ពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ១៩៩២ ៖ ជានិស្សិតផ្នែកទស្សនវិជ្ជា នៃសាកលវិទ្យាល័យជាតិ , អនុលេខាសម្ព័ន្ធយុវជនផ្នែកទស្សនវិជ្ជា , លេខាសម្ព័ន្ធយុវជនផ្នែកទស្សនវិជ្ជា , ប្រធានក្លិបទ្រឹស្តីយុវវ័យ
ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ១៩៩៣ , អនុលេខាសម្ព័ន្ធយុវជនហូជីមិញ នៃសាកលវិទ្យាល័យក្រុងហូជីមិញ, សមាជិកមជ្ឈិមនៃគណៈកម្មាធិការនិស្សិតវៀតណាម , ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៤, ជាកម្មាភិបាលនៅសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

លោកឡើងតំណែង និង ឋានៈជាបន្តបន្ទាប់ ពីបុគ្គលិកទៅជាកម្មាភិបាល អនុលេខាសម្ព័ន្ធយុវជនក្រុងហូជីមិញ , ប្រធានសម្ព័ន្ធយុវជនក្រុងហូជីមិញ , សមាជិកគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សមាជិកគណៈកម្មាធិការបក្សក្រុងហូជីមិញ , ពីខែវិច្ឆិកា ២០០៤ ដល់ ខែវិច្ឆិកា ២០០៦, សមាជិកគណៈកម្មាធិការបក្សក្រុងហូជីមិញ និង ជាលេខាបក្សខណ្ឌ១២។ ពីខែមេសា ឆ្នាំ២០០៦ លោកត្រូវបានបោះឆ្នោតជាសមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស ។
លោក វ៉ វ៉ាន់ធឿង បានឡើងតំណែងឋានៈជាបន្តបន្ទាប់ក្នុងជួរបក្សកុម្មុយនិស្តវៀតណាម តាំងពីសមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស មកជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស, ក្នុងសមាជិកការិយាល័យនយោបាយ លោក បានធ្វើសកម្មភាពនយោបាយដោយស្មោះត្រង់ដាច់ខាតជាមួយនឹងបក្សកុម្មុយនិស្តវៀតណាម ដែលបង្កើតឡើងដោយលោក ហូ ជីមិញ , លោកត្រូវបានគណបក្សប្រគល់តំណែងខ្ពស់ឡើងៗ ជាលំដាប់ពីចលនាយុវជន មហាជន អប់រំទ្រឹស្តីនយោបាយ ចូលរួមការប្រឆាំងអំពើពុករលួយ តម្កើងភាពស្អាតស្អំសុចរិត។

ក្នុងតំណែងជាសមាជិកការិយាល័យ នយោបាយ និង លេខាធិការមជ្ឈិមបក្ស ប្រធានឃោសនាអប់រំទទួលបន្ទុកការងារសតិអារម្មណ៍វប្បធម៌ អប់រំ ព័ត៌មានក្រៅប្រទេស និងឃោសនា , ការងារឃោសនា ការពារដែនសមុទ្រ ដែនកោះវៀតណាម។ ពីខែកុម្ភៈ ឆ្នាំ២០១៦ ដល់ខែមករា ២០២១ ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោក វ៉ វ៉ាន់ធឿង រះឡើងយ៉ាងត្រដែតក្នុងជួរបក្សកុម្មុយនិស្តរដ្ឋ និង ក្នុងចំណោមប្រជាជនវៀតណាម ។
ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតដល់មុនចូលកាន់តំណែងជាប្រមុខរដ្ឋវៀតណាម លោកត្រូវបានបក្សកុម្មុយនិស្តប្រគល់ភារៈឱ្យទទួលខុសត្រូវដឹកនាំកិច្ចការសំខាន់ៗរបស់បក្ស និង រដ្ឋមួយចំនួន ក្នុងមុខនាទីដ៏សំខាន់ៗ ដូចជាការងារចាត់តាំងបក្ស ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង ការបរទេស។
ដោយសារស្នាដៃដូចបានរៀបរាប់ទាំងអម្បាលម៉ានខាងលើនេះ លោក វ៉ វ៉ាន់ធឿង ត្រូវបានសម័យវិសាមញ្ញ លើកទី៤ អាណត្តិទី១៥ បោះឆ្នោតនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឱ្យលោកកាន់តំណែងប្រមុខរដ្ឋ ឬប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕ រក្សាសិទ្ធិដោយ ៖ CEN

















